(ហាវ៉ាណា, គុយបា)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតពេលទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា។

អ្នកគ្រប់គ្រងវិទ្យាស្ថាន បានជម្រាបសម្តេចតេជោថា លោក ហ្វីដែល កាស្រ្តូ បានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជួយបញ្ញវន្តគុយបា សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទាក់ទិនទៅនិងវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍសមត្ថភាព។

គុយបា ជាប្រទេសដែនកោះហ៊ុមព័ទ្ធដោយសមុទ្រធំជាងគេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៉ីប និងជាកូនសោនៃច្រកឈូងសមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សម្រាប់ភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៉ីប ទៅកាន់សហរដ្ឋអាមេរិក។

គុយបាមានធនធានធម្មជាតិដ៏សម្បូរបែប មានសន្តិភាពយូរអង្វែង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំងស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្បាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ពីការនាំចេញស្ករស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធនធានមនុស្សជាដើម។

លោក ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌល វិស្វកម្មហ្សេន និងជីវៈបច្ចេកវិទ្យា ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ រួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឱ្យកាន់តែរីកចម្រើន។ មជ្ឈមណ្ឌលមានការរីកចម្រើនធំធាត់ប្រកបដោគុណភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវៈបច្ចេកវិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺមហារីក ទឹកនោមផ្អែម វ៉ាក់សាំងជំងឺកូវីដ១៩ ជាដើម។

បន្ទាប់ពីបានតាមដានស្តាប់រួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ឱ្យលោក ម៉ម ប៊ុនហេង ធ្វើការជាមួយមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល ឬផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់កម្ពុជា ព្រោះថា កម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។

ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកសំណូមពររបស់សម្តេចតេជោ ហើយនិងបន្តសហការជាមួយក្រសួងសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅគុយបាពេលនេះ ប្រទេសទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងគុយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕