(ប្រទេសថៃ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃប្រមាណជាង៤ពាន់នាក់ នៅវត្តសោធរនិមិត្ត ខេត្តសៈមុតប្រាកាន ព្រះរាជាណាចក្រថៃឡង់ដ៍។ ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរ របស់លោកបណ្ឌិត យុងយុទ្ធ សុវណ្ណបុត្រ ជាសមាជិករដ្ឋសភាថៃ និងជាតំណាងរាស្ត្រខេត្តសៈមុតប្រាកាន។

កម្មវិធីនេះផ្តួចផ្តើមដោយ ក្រុមការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារ ESEA សមាគមកម្ពុជាមនុស្សធម៌ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ក្រុមហ៊ុនឌីថេក ក្រុមហ៊ុនវ៉េសស្ទើនយ៉ូនៀន។

នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានអរគុណដល់ព្រះចៅអធិការ គណៈកម្មការវត្តសោធរនិមត្ត ហៅវត្តសះផានយូ ដែលបានផ្ដល់ទីអារាមវត្ត និងអរគុណដល់ទឹកចិត្តបងប្អូនខ្មែរយើងទាំងអស់ដែលបានមកពីគ្រប់ទិសទីនៅក្នុងទឹកដីថៃ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រកបដោយក្តីសប្បាយរីករាយ និងស្រឡាញ់រាប់អាន ដែលមានបងប្អូនពលករខ្មែរខ្លះបានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូ ចំណាយពេលច្រើនម៉ោងដើម្បីមកចូលរួម នេះជាកាយវិការដ៏គួរអោយកោតសសើរ និងសូមសំដែងនូវមនោសញ្ចេតនាគោរពស្រឡាញ់បងប្អូនទាំងអស់កាន់តែជ្រាលជ្រៅថែមទៀត។ 

លោករដ្ឋមន្ត្រី បញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏ធំ ដែលខ្មែរតែងតែរៀបចំជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ឪពុក ម្តាយ ជីដូន ជីតា ញាតិការទាំងអស់ដែលបានចែកឋានទៅ។ ដោយឡែក បងប្អូនពលករខ្មែរនៅថៃ ទោះជានៅឆ្ងាយមិនអាចទៅជួបជុំគ្រួសារ ធ្វើបុណ្យនៅតាមទីវត្តអារាមនៅឯស្រុកំណើតក៏ដោយ ក៏បងប្អូនយើងបានឆ្លៀតមកជួបជុំគ្នារៀបlចំពិធីបុណ្យភ្ជុំបិណ្ឌ តាមដែលអាចធ្វើបាន ដែលនេះសបញ្ជាក់ថា ជំនឿ ប្រពៃណី ទំនៀមទម្លាប់ខ្មែរពិតជាស្ថិតនៅក្នុងព្រលឹងខ្មែរជានិច្ចទោះជាខ្មែរនៅទីណាក៏ដោយ ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរសព្វសាធុការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនដល់បងប្អូនខ្មែររស់នៅថៃ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមកុសលផលបុណ្យភ្ជុំបិណ្ឌនាំមកនូវជោគជ័យ សិរីសួស្ដី គ្រប់ប្រការដល់បងប្អូនខ្មែរយើងទាំងអស់គ្នា។ យើងអាចវាយតម្លៃបានថា មូលហេតុដែលនាំឱ្យពិធីបុណ្យភ្ជុំបិណ្ឌខ្មែរឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាសប្បាយរីករាយខ្លាំងគឺមានកត្តារួមផ្សំចំនួន ៥ សំខាន់ គឺ៖

ទី១- មានសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម
ទី២- កម្ពុជា បានទទួលជោគជ័យ ក្នុងការដោះស្រាយផលប៉ះពាល និងការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការចាក់វ៉ាក់សាំង និងវិធានការចំបាច់នានា។
ទី៣- សេដ្ឋកិច្ចជាតិបន្តរីកចម្រើន កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង មានសមិទ្ធផលថ្មីៗជាច្រើនរាប់មិនអស់កំពុងកើតឡើងដូចជា សំណងអគារ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ស្តាត ។ល។   
ទី៤- ប្រជាជនមានមធ្យោបាយធ្វើដំណើរសំបូរបែបគ្រប់ប្រភេទ ម៉ូតូ ឡានទំនើបៗ កំពុងកើនឡើង
ទី៥- ប្រជាជនមានជីវភាពធូធារ  ដោយសារមានមុខរបរ មានការងារធ្វើ ប្រាក់ខែមន្ត្រីរាជការក៏បន្តកើនឡើងទាបបំផុតជាង ១លានរៀល ចំណែកឯប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ នឹងកើនឡើងដល់ ២០០ ដុល្លារ ឆ្នាំ២០២៣ខាងមុខ មិនទាន់បូកបន្ថែមអត្ថប្រយោជន៍ផ្សេងទៀតផង។ 

ទន្ទឹមនឹងនេះ លោកបណ្ឌិត បានសំដែងនូវការកោតសសើរបងប្អូនពលករខ្មែរ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃ ចិញ្ចឹមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ បងប្អូនពលករនៅថៃមានប្រមាណ ១,២លាននាក់ បើតាមការសន្និដ្ឋាន លុយដែលបងប្អូនផ្ញើទៅក្រុមគ្រួសារសរុបប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យបងប្អូនអាចបន្តទទួលបាននូវអត្ថប្រយោជន៍ទាំងកំពុងធ្វើការនៅទីនេះ និងពេលចប់កិច្ចសន្យាការងារហើយវិលត្រឡប់ទៅប្រកបរបរ ឬធ្វើការនៅក្នុងប្រទេសយើងវិញ។

បច្ចុប្បន្ន កម្ពុជាកំពុងដាក់ឲ្យអនុវត្តរបបសន្តិសង្គមផ្នែកប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ តទៅ។ ថ្ងៃក្រោយពេលបងប្អូនពលករខ្មែរនៅថៃ ត្រឡប់ទៅវិញអាចចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ហើយទទួលបានរបបថែទាំសុខភាពផងដែរ នៅពេលចាស់ទៅ អាយុលើសពី ៦០ឆ្នាំ ។

ជារួម សុខទុក្ខ ជីវភាព សុខមាលភាពរបស់បងប្អូនខ្មែរ នៅថៃគឺជាអាទិភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ហើយក៏ជាអាទិភាពនៃគោលនយោបាយ របស់ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ដែលជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្ត្រីផងដែរ។

លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនពលករ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ ចេះសាមគ្គីគ្នា ខ្មែរ និងខ្មែរ ជួយគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ ស្រឡាប់អាប់អានជាមួយប្រជាជនថៃ។ នៅពេលចប់កិច្ចសន្យាការងារ សូមវិលត្រឡប់ទៅប្រទេសវិញកុំបន្តស្នាក់នៅ ឬរស់នៅ និងធ្វើការមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់នៅក្នុងប្រទេសថៃ៕