(កូរ៉ែ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនបច្ច័យ ១ម៉ឺនដុល្លារ ចូលរួមកសាងវត្តខ្មែរគូមី នៅកូរ៉េខាងត្បូង។

នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ លោក ហុង ជឿន អនុប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងជាប្រធានក្រុមការងារទទួលបន្ទុកសាធារណរដ្ឋកូរ៉េ បាននាំយកបច្ច័យរបស់លោកបណ្ឌិត ប្រគេនព្រះតេជគុណ ពៅ សុភ័ក្ត្រ។

ការប្រគេនបច្ច័យនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហុង ជឿន អញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅទីក្រុងប៊ូសាន។ ក្នុងពិធីនោះ មានការរៀបចំពិធីសាសនាចាប់ពីពេលព្រឹក រួមមានកម្មវិធីរាប់បាត្រ ទេសនា របាំជូនពរ ឆៃយុំា របាំក្ងោក និងការប្រគំតន្ត្រីរាំលេងកំសាន្តនៅពេលរសៀល ព្រមទាំងមានការលក់ចំណីអាហារ និងសិល្បៈរបស់សមាគមខ្មែរនៅកូរ៉េ ដោយមានសហគមន៍ខ្មែរជាពលករ អនិកជនខ្មែរ និងសិស្ស និស្សិតចូលរួម ប្រមាណ ជិត ១ពាន់នាក់។

វត្តខ្មែរគូមី នៅកូរ៉េខាងត្បូង មិនត្រឹមតែជាកន្លែងទ្រទ្រង់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលប្រជាសហគមន៍ខ្មែរនៅកូរ៉េ ជួបជុំប្រារព្ធពិធីបុណ្យនានាជាប្រពៃណីរបស់ខ្មែរផងដែរ៕