(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសគុយបា ប្រកបដោយផ្លែផ្កាខ្ពស់ហើយនោះ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា (ម៉ោងនៅប្រទេសគុយបា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសគុយបា បន្តដំណើរហោះឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនាអាកាសយានដ្ឋានអន្តរជាតិ Jose Marti រួមមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសគុយបា និងឥស្សរជនការទូត របស់កម្ពុជា ប្រចាំរដ្ឋធានីហាវ៉ាណា ប្រទេសគុយបាជាច្រើនរូប។

ពិធីបុណ្យសពលោក អាបេ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន។

លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោក អាបេ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។

លោក អាបេ ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

លោក អាបេ បានទទួលមរណភាពដោយខ្មាន់កាំភ្លើងបាញ់ប្រហារពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

មរណភាពរបស់លោក អាបេ បាននាំឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា សម្តែងការសោកស្តាយ និងសោកសៅជាទីបំផុត។

សម្ដេចតេជោ បានចាត់ទុកមរណភាព លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី១០ ខែកក្កដា កាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ដើម្បីបង្ហាញនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ៕