(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

លោកបានបញ្ជាក់ថា រដ្ឋបាលក្រុង បាននិងកំពុងត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ករណីទឹកអូរនៅតែបន្តកើនឡើងក្នុងកំរិតប្រកាសអាសន្ន។

អភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិស ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងករណីមានអាសន្ន ត្រូវទំនាក់ទំនងមកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់៕