(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងអន្តរាគមន៍ នៅក្នុងស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣ស្រុក-ក្រុង។

ស្រុក-ក្រុងទាំង៣ រួមមាន៖

* ស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកហូរមកពីប្រទេសថៃ ជួយជញ្ជូនសម្ភារ ទៅកាន់ទីទួលមានសុវត្ថិភាព ចំនួន ៦គ្រួសារ មនុស្សរាយ ១៩នាក់ ប្រុស ៩នាក់ ស្ថិតនៅភូមិភ្នំរ៉ូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

* ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងជួយជញ្ជូនសម្ភារប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង រកកន្លែងទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

* ស្រុកថ្មពួក ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្នែកសឹករងស្រុកថ្មពួក ព្រះចៅអធិការ ព្រះសង្ឃ វត្តថ្មរមៀល ពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិអូរកំបុត ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ក្រៅពីកម្លាំងជួយសង្រ្គោះ ក៏មានកម្លាំង និងទូកសម្រាប់ជួយសង្រ្គោះ កំពុងប្រចាំការ នៅក្នុងស្រុកចំនួន២ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ តាមដានស្ថានភាពទឹកជំនន់ និងត្រៀមជួយសង្រ្គោះផងដែរ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថា ដោយរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកធ្លាក់មកពីប្រទេសថៃ អាចបណ្តាលឲ្យមានជំនន់ទឹកភ្លៀង និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាការអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើក្នុងការបម្រើប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

លោកស្នើប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ ថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕