(ព្រុយណេ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូសាឡឹម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ បានជួបប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ដើម្បីជំរុញការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរ ។
ក្នុងជំនួបនោះ មេបញ្ជាការកងទ័ពប្រទេសទាំងពីរបានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៣ទសវត្សរ៏កន្លងមកនេះត្រូវបានពង្រឹងជាបន្តបន្ទាប់ ទាំងលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម។
សម្រាប់កិច្ចសហប្រតិការកងទ័ព ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការកសាងទំនាក់ទំនងល្អៗជាច្រើន ទាំងក្នុងលក្ខណៈទ្វេភាគី ក៏ដូចជាពហុភាគី ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងនោះបានសហការជិតស្និទ្ធនៅក្នុងការប្រឆាំងភាវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន ការផ្លាស់ប្ដូរប្រតិភូទស្សនកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាជាដើម។
ឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី បានថ្លែងនូវការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ នឹងយាងចូលរួមប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពភូមិន្ទព្រុយណេ ចំពោះការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក និងបានឯកភាពជាមួយឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពីថ្នាក់អគ្គបញ្ជាការដល់ថ្នាក់ប្រភេទទ័ព ដើម្បីផ្ដល់អាហាររូបករណ៍ដល់កងពលខេមរភូមិន្ទ បានទៅសិក្សានៅព្រុយណេ ទាំងភាសាអង់គ្លេស បញ្ជាការសេនាធិការ ផែនការ និងបន្តពិភាក្សានូវវគ្គផ្សេងៗទៀត តាមតម្រូវការនិងលទ្ធភាពរបស់ភាគីកងទ័ពព្រុយណេ។
ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីចប់កិច្ចប្រជុំទ្វេភាគី ជាមួយមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានចូលជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ត្រី ដាតុ អាប់ឌុល រ៉ាហ្សាក់ អនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសព្រុយណេដារូសាឡឹម ផងដែរ ៕