(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លី ចំនួន២ភូមិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ ជូនប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតនៅស្រុកស្រែអំបិល។

លោក សុខ សុទ្ធី បានលើកឡើងថា ការចុះផ្សព្វផ្សាយរបស់ក្រុមការងារខេត្តនៅសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យមានចំនួន២ភូមិ គឺភូមិវាលត្បូង និងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួម ដំណើរការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី គឺជាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីថ្មីមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប ដើម្បីឱ្យកម្មវិធីនេះអនុវត្តទៅសម្រេចដោយជោគជ័យបាន ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងជិតស្និតពីរដ្ឋបាលដែនដី ពិសេសគឺប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញពីទីតាំងដី ព្រំដី ផ្តល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់តាមទម្រង់ និងនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានឱ្យដឹងថា ដំណើរការនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺត្រូវឆ្លងកាត់ពីដំណាក់កាលនៃការចុះបញ្ជីដី ការបិទផ្សាយទិន្នន័យក្បាលដី និងការស្នើសុំប្រទានកម្មពីរាជរដ្ឋាភិបាល (បើទីតាំងដីស្ថិតក្នុងតំបន់កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គ្រីនរិច តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា) ទើបអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋបាន។

លោក សុខ សុទ្ធី បានបញ្ជាក់ជូនប្រជាពលរដ្ឋថាពេលដំណើការនៃការចុះបញ្ជីចាប់ផ្តើម និងដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញធ្វើឱ្យការចុះបញ្ជីដីប្រព្រឹត្តទៅដោយរលូន គឺតម្រូវឱ្យម្ចាស់ដី យកឯកសារទៅបង្ហាញមន្ត្រីបច្ចេកទេសរួមមាន៖ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឯកសារបញ្ជាក់សាវតាដីជាដើម៕