(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវផែនការទិសដៅសម្រាប់អនុវត្តបន្តទៀតដល់មន្ត្រីទូទាំងខណ្ឌត្រូវអនុវត្តឱ្យបានរ៉ឹងតឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងត្រូវរួមគ្នាខិតខំអនុវត្តបទបញ្ជា ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត។

ការបន្តដាក់ចេញផែនការសម្រាប់អនុវត្តបន្តទៀត របស់លោកអភិបាលខណ្ឌច្បារអំពៅ បានធ្វើឡើងក្នុងកិច្ចកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌច្បារពៅ អាណត្តិទី៣ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ កងកម្លាំងទាំង២ផ្នែក សមាជិកក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ត្រីគ្រប់ការិយាល័យផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌ បានលើកឡើងពីផែនការយុទ្ធសាស្ត្ររបស់គណៈអភិបាលដែលត្រូវអនុវត្តបន្តទៀតជូនដល់ក្រុមប្រឹក្សាខណ្ឌឱ្យបានរួមមាន៖

ទី១៖ ជំរុញឱ្យមន្ត្រីក្រុមការងារដែលទទួលបន្ទុកអនុវត្តផែនការសកម្មភាព ត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានប្រសើរឡើងថែមទៀតដូចជា៖ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តសេវាលើឯកសារអត្រានុកូលដ្ឋាន។

ទី២៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងលុបបំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ។

ទី៣៖ ត្រូវរួមគ្នាខិតខំអនុវត្ត និងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានខណ្ឌ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់ច្រាំងបាក់ស្ថិតក្នុងសង្កាត់ច្បារពៅទី២ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ទៅដល់ផ្សារជនជាតិព្រែកប្រា និងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់ផ្សារព្រែកឯង។

ទី៤៖ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាន និងដូសជំរុញ ព្រោះជំងឺឆ្លងកូវីដ១៩នេះ មិនទាន់សាបរលាបទេ អ្នកអាចភ្លេចជំងឺកូវីដ តែជំងឺកូវីដ១៩ អត់ភ្លេចអ្នកនោះទេ មួយផ្នែកទៀតត្រូវណែនាំឱ្យប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ «៣កុំ និង៣ការពារ» ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិតចៀសផុតពីជំងឺកូវីដ១៩។

ទី៥៖ ត្រូវរួមគ្នាខិតខំដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដូចជាសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់និរោធ សង្កាត់វាលស្បូវ ជាដើម។

លោកអភិបាលបានជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌ នូវផែនការជាយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្ត នៅឆ្នាំ២០២៣ គឺផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌរួមមាន៖ រៀបចំប្រព័ន្ធលូរំដោះទឹក ដាក់ភ្លើងបំភ្លឺផ្លូវ និងជួសជុលជង្ហុកតូច-ធំ នៅគ្រប់ផ្លូវទាំងអស់៕