(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវការណែនាំការងារសំខាន់ៗមួយចំនួន ដល់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកែលំអរនូវភាពអសកម្ម ភាពចន្លោះប្រហោង នៃការអនុវត្តនីតិវិធីតាមជំនាញ គួបផ្សំនិងកំណើន នៃបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យមន្ត្រីមានធនធានសមត្ថភាពជំនាញ ដើម្បីធ្វើកិច្ចការទាំងនោះ ឲ្យបានសមស្របទៅតាមសភាពការណ៍វិវត្តន៍ជាក់ស្ដែង។

ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក មួង សុធា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញ «បទល្មើសកម្មសិទ្ធិបញ្ញា និងនីតិវិធីស៉ើបអង្កេតប្រឆាំងការសម្អាតប្រាក់» ដែលរៀបចំដោយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមកិច្ចសហការឧបត្ថម្ភរបស់ក្រុមហ៊ុន ថាយលីគី និងហ្គីបប៊ីន។ សិក្ខាកាមដែលចូលរួម ចំនួន១០៣នាក់ មកពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងស្នងការនគរបាលរាជធានី-ខេត្ត។

វគ្គបំប៉នជំនាញនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពជំនាញដល់មន្ដ្រីអនុវត្តច្បាប់ដែលជាកត្តាចំបង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពរបស់នាយកដ្ឋាន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ដើម្បីឆ្លើយតប និងស្របតាមខ្លឹមសារ នៃវគ្គបំប៉នជំនាញនាពេលនេះ លោកឧត្តមសេនីយ៍ឯក មួង សុធា បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់អនុវត្ត នូវបណ្តាចំណុចមួយចំនួនឲ្យកាន់តែល្អប្រសើរ រួមមាន៖

* ត្រូវខិតខំបន្តអនុវត្តតាមទិសដៅ និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការដ្ឋាននគរបាលជាតិ

* បន្តខិតខំបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសផលិត ការនាំចូលឱសថខុសច្បាប់ ក្លែងក្លាយ និងចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានអនាម័យ
មានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

* ខិតខំបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគេចពន្ធ រត់ពន្ធគ្រប់ប្រភេទសំដៅចូលរួមបង្កើនចំណូលថវិកាជាតិ

* បន្តខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

* ត្រូវបន្តខិតខំពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យបទល្មើស ដោយមានប្រព័ន្ធទទួលព័ត៌មាន និងឆ្លើយតបទាន់ហេតុការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍បង្ក្រាបបទ
ល្មើសតាមរាជធានី-ខេត្ត (តាមប្រព័ន្ធវេបសាយ,អ៊ីម៉ែល,ឡាញ,វាយប័រ..។ល។)

* ត្រូវមានកម្មវិធីប្រជុំជីវភាពឲ្យបានទៀងទាត់ ដោយធ្វើការដាស់តឿនឲ្យមន្ត្រីក្រោមឱវាទ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើការសិក្សាស្វែងយល់អំពីច្បាប់ លិខិតបទដ្ឋាននានាដែលបម្រើឲ្យការងារស្រាវជ្រាវស៊ើបអង្កេត ជាពិសេសពង្រឹងការអនុវត្តន៍វិន័យតាមបទបញ្ញាលេខ ០០៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

* ត្រូវខិតខំបន្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងកម្លាំងនគរបាលសេដ្ឋកិច្ច ដោយបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញរយៈពេលខ្លីវែង នៅនឹងកន្លែងទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាលជារួម និងបន្តទៅតាមមូលដ្ឋាន

* ត្រូវមានសាមគ្គីភាពល្អ ក្នុងជួរកងកម្លាំង ក៏ដូចនៅក្នុងអង្គភាពទាំងមូល។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក មួង សុធា ក៏បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសនាមទាំងអស់ ដែលបានផ្តល់ចំណេះដឹងដល់សិក្ខាកាមនាថ្ងៃនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ថាយលីគី និងហ្គីបប៊ីន (Tilleke Gibbins) ដែលបានសហការឧបត្ថម្ភដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមានដំណើរការបើកវគ្គបំប៉នជំនាញនេះឡើង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់នាយនគរបាលក្នុងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងរយៈពេល២ថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ជឿជាក់ថាសិក្ខាកាមទាំងអស់ ច្បាស់ជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តភារកិច្ចរបស់ខ្លួន និងចែករំលែកចំណេះដឹងនេះ ដល់យុទ្ធមិត្តរួមការងារបន្ត និងអគុណដល់ក្រុមការងារ ដែលបានរៀបចំវគ្គបំប៉នជំនាញ នេះដោយរលូន និងបញ្ចប់ជាស្ថាពរដោយជោគជ័យ៕