(សៀមរាប)៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយដោយធម្មជាតិ (ជំនន់ទឹកភ្លៀង) នៅក្នុងបរិវេណវត្តក្តីរុនរង្សី ស្ថិតនៅភូមិក្តីរុន ស្រុកពួក ខេត្តសៀមរាប មានចំនួនសរុប ៣៥០ គ្រួសារ, លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាជនក្រីក្រ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនរងគ្រោះ និងងាយរងគ្រោះ រងផលប៉ះពាល់ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា បច្ចុប្បន្នស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះក្តីក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធាន៣កុំ៣ការពាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ ពោលគឺត្រូវចូលរួមទាំងអស់គ្នា ដើម្បីប្រទេសជាតិយើងមានសេដ្ឋកិច្ចល្អប្រសើរដូចដើមវិញ។

រដ្ឋមន្រ្តី វង សូត ក៏បានក្រើនរំលឹកដល់មន្រ្តីបង្គោល អាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពង្រឹងការអនុវត្តកម្មវិធីជំនួយសង្គមនានា ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវ និងមានតម្លារភាព ក្នុងគោលដៅជួយសម្រួលដល់ការលំបាក និងលើកកម្ពស់ជីវភាពជូនពួកគាត់ មានភាពប្រសើរឡើងថែមមួយកម្រិតទៀត។

អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង និងជនចាស់ជរាក្រីក្ររួមមាន៖ អង្ករ២៥គីឡូ មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៉ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកាមួយចំនួន ដើម្បីសម្រួលដល់ការលំបាកបានមួយរយៈពេល ។

ជាមួយគ្នានោះដែរ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បាននឹងកំពុងបន្តអនុវត្តទៅតាមផែនការ និងប្រតិទិនការងារ ដើម្បីឈានទៅរកការសម្រេចនូវជោគជ័យជាផ្លែផ្កា ដើម្បីជាផលប្រយោជន៏បម្រើប្រជាជននេះជាការបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ និងងាយរងគ្រោះ ស្រ្តី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល ទទួលបាននូវសិទ្ធិពិតប្រាកដដោយផ្អែកលើមូលដ្ឋានមិនបោះបង់ មិនរើសអើង បណ្តុះបណ្តាលវិជ្ជាជីវៈ សមាហរណកម្មទៅសហគមន៏វិញដោយមានការចូលរួមពីគ្រប់ភាគីដៃគូរអភិវឌ្ឍន៏ ៕