(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។

ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ចំពោះការចែកបណ្ណសមធម៌ (បណ្ណក្រីក្រ) ជូនដល់ប្រជាពលរដ្ឋដែលរើទីលំនៅមករស់នៅភូមិរុនតាឯក និងការជួយក្រីក្រផ្សេងៗទៀត បើទោះត្រូវចំណាយទឹកប្រាក់ចិញ្ចឹមប្រជាជន ៨០០លានដុល្លារថែមទៀត ក៏គ្មានបញ្ហានោះដែរ រដ្ឋាភិបាលមានចំណូលគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានឆ្លើយតបទៅអ្នកវិភាគមួយរូប ដែលសម្តេចហៅថា «អាចង្រៃ មិនដែលចេះកោរពុកមាត់ មិនចេះកាត់សក់» ដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជា ខ្វះលុយទើបមិនរៀបចំពិធីបុណ្យអុំទូក, សម្តេចបញ្ជាក់ទៅវិញថា គឺជាអ្នកវិភាគមិនដែលចេះត្រូវ ហើយការវិភាគមិនត្រូវនេះហើយ ទើបចាញ់មួយជីវិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលទទួលបានចំណូលពីគយប្រមាណ ២៣០លានដុល្លារ និងពីពន្ធដារ ប្រមាណ២៥០លានដុល្លារ ដែលសរុបចំណូលពន្ធនៅខែកញ្ញា មានចំនួន៤៨០លានដុល្លារអាមេរិក។

ការបញ្ជាក់របស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យ៉ាងហោចណាស់យើងបានឧ​បត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបាន១០ជុំរួចមកហើយ ក្នុងពេលកូវីដ១៩ ដែលចំណាងថវិកាអស់ជាង ៨០០លានដុល្លាររួចហើយ ចាយថែម៨០០លានដុល្លារទៀតក៏វាអត់ស្មុគដែរ ព្រោះដើម្បីចិញ្ចឹមប្រជាពលរដ្ឋ»

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦0ម៉ឺនគ្រួសារ មានសមាជិកប្រមាណជិត៣លាននាក់ ហើយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។

ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ៕