(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១៧០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១៣៤គ្រឿង និងរថយន្ត ៣៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែតុលា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១២៥,១៨០គ្រឿង ក្នុងនោះមានម៉ូតូ ១០០,៤០១គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៤,៧៧៩គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ទូរស័ព្ទ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា ទូរស័ព្ទ អត់ប័ណ្ណបើកបរ ខ្សែក្រវ៉ាត់ ឆៀក លើសចំណុះ និងអត់ស្លាកលេខជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ចំនួន ០នាក់ របួសចំនួន ១០នាក់ (របួសធ្ងន់ ០៧នាក់)។ រយៈពេល២៧៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,២៩៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៣៤២នាក់ របួស ៣,១៨៣នាក់ (របួសធ្ងន់ ២,០១១នាក់)៕