(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក គ្រូបង្រៀន នៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បានចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០៖១៨នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

 ក្នុងសារលិខិតចូលរួមមរណទុក្ខ គោរពជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក គ្រូបង្រៀន នៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប មានសេចក្តីក្តុកក្តួលក្រៀមក្រំជាអនេក ដោយបានទទួលដំណឹងមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៏ ទន់ ធី ដែលត្រូវជាជីដូនក្មេករបស់ ឯកឧត្តមប្រធាន ដែលបានធ្វើមរណកាលបែកកាយរំលាយក្ខន្ធលាចាកលោកយើងនេះនាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២   វេលាម៉ោង១២ និង ១៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»

ការបាត់បង់នូវអ្នកមានគុណដ៏ឧត្តុងឧត្តម គឺជាការបាត់បង់មួយដ៏ធំធេងដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ហើយក៏ជាការបាត់បង់នូវម្លប់ដ៏ត្រជាក់សម្រាប់ បុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ និងញាតិមិត្តជិតឆ្ងាយទាំងអស់។

ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តក្រៀមក្រំជាអនេកនេះ យើងខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំ និងបុគ្គលិក គ្រូបង្រៀន នៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប សូមសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យយ៉ាងក្រៃលែង ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាល័យចំពោះ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី សូមលោកជូននាំដំណើរវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី សូមចាប់បដិសន្ធិ និងសោយសុខ ឋានបរមសុខ បរមសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំ និងសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីយើងខ្ញុំទាំងអស់គ្នា៕