(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីបន្តវេណមកពី គណបក្សប្រជាជនកម្ពុជា បានចេញសារថ្លែងអំណរគុណដល់ក្រុមប្រឆាំង ដែលតែងតែវាយប្រហារលើរូបលោក ព្រោះការវាយប្រហារទាំងនោះ បានធ្វើឱ្យរូបលោកចេះការពារ និងពង្រឹងខ្លួនឯងបានកាន់តែរឹងមាំ។

សាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងដោយភ្ជាប់ជាមួយនឹងវីដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានថ្លែងអំណរគុណក្រុមប្រឆាំងដែលតែងតែវាយប្រហារកូនប្រុសរបស់សម្តេច។ សម្រាប់សម្តេចការវាយប្រហារនោះ បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ចេះចេញការពារខ្លួនឯង ដោយមិនចាំបាច់សម្តេចការពារនោះឡើយ។

សារភ្ជាប់នឹងវីដេអូរបស់សម្តេចនាព្រឹកថ្ងៃអាទិត្យ ទី០២ ខែតុលានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញការគោរពចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសប្រសាសន៍របស់សម្តេចដែលតែងតែអប់រំកូន «ដួលកន្លែងណា ត្រូវប្រឹងក្រោកឈរឡើងវិញដោយខ្លួនឯង»

លោក ហ៊ុន ម៉ាណែត ក៏ឆ្លៀតថ្លែងអំណរគុណរាល់ការវាយប្រហារពីក្រុមប្រឆាំងផងដែរ។ លោកបានគូសបញ្ជាក់បែបនេះ «អរគុណចំពោះអស់លោកទាំងអស់ដែលតែងតែចំណាយអស់នូវពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបង្កើតគំនិតនិងរឿងផ្សេងៗ ដើម្បីរិះគន់ វាយប្រហារខ្ញុំ (ព្រមទាំងបានជួយផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយពត៌មានមួយចំនួនដោយឥទ្ធគិតថ្លៃ - Free)។ ទាំងនេះបានផ្តល់ឱកាសឱ្យខ្ញុំអាចរៀនចេះការពារ និងពង្រឹងខ្លួនឯងឱ្យបានកាន់តែរឹងមាំ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ នៅក្រោយពេលមានសេចក្តីសម្រេចនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្លាយទៅជាតួអង្គនយោបាយថ្មីមួយរូបនៅកម្ពុជា ដែលក្រុមអ្នកនយោបាយ ក្រុមអ្នកវិភាគ ប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាល លើកយកធ្វើជាប្រធានបទក្នុងការជជែក វិភាគ ផ្សព្វផ្សាយ និងបង្កើនការវាយប្រហារឥតឈប់ឈរ។ ក្នុងនោះសូម្បីតែទណ្ឌិត សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ក៏បានប្តូរមុខព្រួញពីដៃគូចាស់សម្តេចតេជោ ហ៊ុន សែន មកវាយប្រហារលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែបានថ្លែងបកត្រឡប់ជាមួយការលើកបង្ហាញនូវហេតុផលនានា ដែលធ្វើឱ្យមានការពេញចិត្ត និងគាំទ្រខ្លាំងពីអ្នកតាមដានស្ថានការនយោបាយ និងសង្គមនៅកម្ពុជា។

អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម បានមើលឃើញថា ការបង្កើនការវាយប្រហាររបស់ក្រុមប្រឆាំង គឺជាការបង្ហាញឱ្យឃើញពីការព្រួយបារម្ភរបស់ក្រុមប្រឆាំងលើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ហើយព្យាយាមបំណងធ្វើឱ្យស្រអាប់ប្រជាប្រិយភាពរបស់លោក ហ៊ុន ម៉ាណែត៕