(ភ្នំពេញ)៖ សភាសហព័ន្ធសហជីពជាតិកម្ពុជា (NACC) អមដោយប្រធានសហជីពចំនួន៥ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញ សេចក្ដីប្រកាសថ្កោលទោស ចំពោះការផ្ទុះអំពើហិង្សាដ៏អាក្រក់បានកើតឡើងនៅមុខ រោងចក្រកាត់ដេរចំនួន២កន្លែងក្នុងខណ្ឌ ពោធិ៍សែនជ័យ ដែលបានបង្កឡើងដោយក្រុមសហជីពមួយចំនួន និងក្រុមកម្មករជាច្រើនហើយបានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល ចំនួន១០នាក់ (មួយកន្លែង២នាក់ និងមួយកន្លែងទៀត៨នាក់)។

តាមសេចក្ដីថ្លែងការណ៍របស់ប្រធាន សភាសហព័ន្ធសហជីពជាតិកម្ពុជាលោក សោម អូន បានបញ្ជាក់ពីគោលជំហររបស់ NACC ចំនួន ៤ចំណុច រួមមាន៖ ទី១.ចាត់ទុកព្រឹត្តការណ៍ខាងលើ ដែលបានបង្កការភ័យខ្លាច នៅតាមរោងចក្រនានា បង្កជាជម្លោះ និងអំពើហិង្សា ជាមួយសហជីព និងកម្មករ គឺជាទង្វើដ៏អាក្រក់ ដែលផ្ទុយនឹងលក្ខន្តិកៈសហជីព ច្បាប់ការងារ និងច្បាប់ស្ដីពីសហជីព,ទី២.អំពាវនាវដល់ ក្រុមសហជីព ឱ្យបញ្ឈប់សកម្មភាពហិង្សាទាំងឡាយជាបន្ទាន់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ, ទី៣.ថ្កោលទោស ចំពោះសហជីពទាំងឡាយណា ដែលបានប្រព្រឹត្តអំពើហិង្សាគ្រប់រូបភាព មកលើកម្មករនិយោជិត និងលើកទឹកចិត្តដល់ ក្រុមសហជីពទាំងអស់ ក្នុងការប្រើយន្តការតាមច្បាប់ ក្នុងការដោះស្រាយនូវរាល់បញ្ហា ដោយសន្តិវិធី និងសមធម៌, និងទី៤.អំពាវនាវដល់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះសហជីពណា ដែលចូលចិត្តប្រើអំពើហិង្សាមកលើកម្មករនិងត្រូវ លុបបំបាត់នូវវប្បធម៌និទណ្ឌភាព ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាពង្រឹងនូវយុត្តិធម៌សង្គម។

សូមជម្រាបថា អំពើហិង្សាដែលកើតឡើងទាំង២កន្លែងខាងលើ មួយកន្លែងនៅមុខរោងចក្រហ៊ើយឆាយហ្គាមិន មានទីតាំងនៅភូមិ ដំណាក់ទ្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានអ្នករងរបួសចំនួន២នាក់ កាល់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦និង មួយកន្លែងទៀត កើតនៅមុខរោងចក្រយ៉កម៉ាស់ ខេមបូឌា ហ្គាមិន ខូអ៊ិលធីឌី មានទីតាំងនៅសង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បង្កឱ្យអ្នករងរបួសធ្ងន់៣នាក់ និងរបួសស្រាល៥នាក់៕