(កំពត)៖ មន្ត្រីនគរបាលមួយរូប ដែលថ្នាក់លើបញ្ជាឲ្យចុះទៅឃ្លាំមើលបទល្មើស នៃការនាំឈើចេញតាមមាត់ច្រកទ្វារព្រំដែនទាន់ហន់ ស្ថិតក្នុងខេត្តកំពត ក្រោយពីលេចឮថាយប់ៗឡើង ឈ្មួញឃុបឃិតគ្នា លួចនាំឈើចេញតាមមាត់ច្រកនេះ ឥឡូវតាមការអង្កេតគឺមិនមានទៀតនោះទេ ទំនងក្រុមឈ្មួញខ្លាចសមត្ថកិច្ច ដាក់កំលាំងស្ទាក់ចាប់ អាចបង្វែរទៅចេញតាមច្រកផ្សេងៗ ក៏អាចថាបាន។

សូមបញ្ជាក់ថា មួយរយៈកន្លងមកនេះ មានសេចក្ដីរាយការណ៏ច្បាស់ការណ៏បានឲ្យដឹងថា ខណៈរាជរដ្ឋាភិបាលប្រកាសប្រើវិធានការក្ដៅលប់បំបាត់ បទល្មើសនាំឈើចេញទៅប្រទេសវៀតណាម ជាពិសេសបទល្មើសនាំឈើ ចេញតាមភូមិភាគឥសាន្ត និងតាមខេត្តត្បូងឃ្មុំរួចមកនោះ បែរជាមាត់ច្រកផ្សេងៗទៀត ដូចជានៅខេត្តកំពត ជាពិសេសមាត់ច្រកទាន់ហន់ជាដើមឈ្មួញ បានឃុបឃិតគ្នានាំឈើចេញយ៉ាងស្ងាត់ស្ងៀម ដោយសារតែជាមាត់ច្រកនេះគេមិនសូវស្គាល់ និងចាប់អារម្មណ៏។

ឥឡូវក្រោយពីបែកធ្លាយព័ត៌មានដឹងដល់ថ្នាក់លើមក សកម្មភាពនាំឈើចេញតាមមាត់ច្រកទ្វារព្រំដែនទាន់ហន់នេះ បានស្ងាត់ទៅវិញហើយ នេះបើតាមប្រភពព័ត៌មាន ដែលបានរាយការណ៏មកឲ្យ Fresh News ដឹងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

តាមសេចក្ដីរាយការណ៏ពីមន្ត្រីសមត្ថកិច្ចមួយរូបបានឲ្យដឹងថា មួយរយៈនេះ ក្រោយពីសមត្ថកិច្ចដាក់កម្លាំងឃ្លាំមើលដើម្បីបង្ក្រាបមក គឺមិនឃើញមានបទល្មើសដឹកជញ្ជូនឈើដូចមុនៗទៀតទេ ទំនងក្រុមឈ្មួញអាចបង្វែរទៅចេញតាមច្រកផ្សេងៗទៀត ក៏អាចថាបាន៕