(ឧត្តរមានជ័យ)៖ ក្រុមអាជីវករនៅផ្សាររង្វង់មូលអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរិះគន់យ៉ាងខ្លាំងដល់ប្រធានគ្រប់គ្រងផ្សារ ដែលឃុបឃិតជាមួយឈ្មួញ ដើម្បីគៀបសង្កត់អាជីវករ ជាអ្នកលក់នៅក្នុងផ្សារ និងយកភាស៊ីថ្លៃហួសកំណត់ ដែលធ្វើឱ្យអាជីវករតូចតាច ពិបាកក្នុងការធ្វើអាជីវកម្មលក់ដូរ ដើម្បីជីវភាពប្រចាំថ្ងៃ។

អាជីវករជាអ្នកលក់បន្លែ ក្នុងផ្សារអន្លង់វែង ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ថា រាល់ថ្ងៃនេះគាត់ពិបាកក្នុងការលក់ដូរណាស់ ដោយសារតែមានការគៀបសង្កត់ពីប្រធានគ្រប់គ្រងផ្សារឈ្មោះ តាខាន់ ដូចជា ឡើងថ្លៃឈ្នួលតូបមិនចេះចប់ យកភាស៊ីថ្លៃ និងមិនជួយទុកធុរៈអាជីវករនៅក្នុងផ្សារដោយចាំតែយកលុយប៉ុណ្ណោះ។

អាជីវករដដែលបានបន្ដថា ចំពោះរឿងដែលប្រធានផ្សារបានគៀបសង្កត់នោះគឺ ឃុបឃិតជាមួយឈ្មួញដែលជាអ្នកបោះដុំបន្លែ ដោយមិនឱ្យឈ្មូញផ្សេងចូលមកលក់ និងប្រជាកសិករដែលជាអ្នកដាំបន្លែក្នុងភូមិ សហគមន៍ យកមកលក់នោះទេ ដូច្នេះហើយធ្វើឱ្យឈ្មួញដែលជាបក្ខពួក របស់ប្រធានផ្សារនោះ បោះដុំបន្លែ មានតម្លៃថ្លៃ ធ្វើឱ្យពួកគាត់ពិបាកក្នុងលក់ចេញ។

ជាងនេះទៅទៀត ចំពោះអាជីវករដែលមកជួលតូចនៅក្នុងផ្សារ គឺប្រធានផ្សាររករឿងរកម្ម រកូស ហើយធ្វើឲ្យអាជីវករខ្លះឈប់លក់ដូរថែមទៀតផង ដោយសារតែមានគំនាបពីប្រធានផ្សារខ្លាំងពេក។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ លោកអភិបាលស្រុកបានកោះហៅ ប្រធានផ្សារឱ្យចូលទៅសួរនាំ និងសម្របសម្រួលតែ ខាងប្រធានផ្សារមិនចូលខ្លួននោះទេ ហើយបានបោះសម្ដីថា «គ្មានអ្នកហ៊ានធ្វើអីគេនោះទេ មិនចាំបាច់រកអ្នកជួយនោះទេ»។

ជាងចុងក្រោយ អាជីវករទាំងអស់ នៅក្នុងផ្សាររង្វង់មូលអន្លង់វែង បានសំណូមពរឱ្យ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងស្ថាប័នដែលពាក់ព័ន្ធ មេត្តាជួយពួកគាត់ផង ព្រោះថា ពួកគាត់មកលក់ដូររាល់ថ្ងៃនេះបានសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ហើយបើមានការគៀបសង្កត់បែបនេះ ពួកគាត់ពិបាកក្នុងការលក់ដូរខ្លាំងណាស់៕