(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២-៤ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកអាស៊ាន (ASEAN Director-General Meeting) ស្តីពី «បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងការគ្រប់គ្រងអាករពិសេស និង ឆ្ពោះទៅរកបរិស្ថានសង្គមគ្មានជាតិកាបូន» (Digital Technologies to Enhance Excise Tax Administration and Moving Forward to Carbon Neutrality) ដែលបានរៀបចំនៅសណ្ឋាគារ Royal Cliff ក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានអាករពិសេសថៃ ស្របតាមទិសដៅ និងផែនការ សហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២៥ (ASEAN Economy Community Blueprint 2025) សម្រាប់ប្រទេសជាសមាជិក នៃសហគមន៍អាស៊ាន ដើម្បីសិក្សារៀបចំនូវលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងប្រមូលចំណូលអាករពិសេស និងការ ចែករំលែកព័ត៌មានទៅវិញទៅមក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក Arkhom Termpittayapasit រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ និងមានវត្តមាននៃគណៈប្រតិភូមកពីប្រទេសចំនួន៩ បានចូលរួមក្នុងនោះមាន ថៃ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ព្រមទាំងវាគ្មិនសំខាន់ៗមកពី រដ្ឋបាលសារពើពន្ធអូស្រ្តាលី (Australian Tax Office), អង្គការសហប្រជាជាតិ UN ESCAP (United Nations Economic and Social Commission for Asian and the Pacific), ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank - ADB) ក៏ដូចជាតំណាងវិស័យឯកជនសំខាន់ៗ ដែលពាក់ព័ន្ធលើវិស័យនេះ។
កិច្ចប្រជុំនេះបានផ្តោតលើរបៀបវារៈសំខាន់ចំនួន០២ គឺទី១. ប្រព័ន្ធគ្រប់គ្រង និងតាមដានទំនិញ ជាប់អាករពិសេស និងទី២. ទិសដៅឆ្ពោះទៅរកបរិស្ថានសង្គមគ្មានជាតិកាបូន។
លោក គង់ វិបុល បានចូលរួមធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ពាក់ព័ន្ធនឹងវិធានការពន្ធដាររបស់កម្ពុជា ដែលបានដាក់ចេញក្នុងការគ្រប់គ្រង ប្រមូលចំណូលអាករពិសេស ជាពិសេសការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ព្រមទាំងបានលើកឡើង នូវបញ្ហាប្រឈម និងវិធានការសម្រាប់អនុវត្តបន្ត ដើម្បីបង្កើនការគ្រប់គ្រងប្រមូលចំណូលពន្ធ និង/ឬគោលនយោបាយលើកកម្ពស់ ក៏ដូចជាការកាត់បន្ថយកាបូន។
ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រង និងតាមដានទំនិញជាប់អាករពិសេស កិច្ចប្រជុំបានពិនិត្យនិងពិភាក្សា លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងប្រមូលចំណូលអាករពិសេស ព្រមទាំងបានស្តាប់នូវមេរៀនបទពិសោធន៍ អនុវត្តល្អសម្រាប់ប្រព័ន្ធគ្រប់គ្រងតាមដាន (Tracking and Tracing Systems - TTS) រួមមាន៖
* ការអនុវត្តជាអន្តរជាតិ នូវប្រព័ន្ធគ្រប់គ្រងតាមដាន សម្រាប់ទំនិញជាប់អាករពិសេស
* ការកៀរគរចំណូល និងធានាឱ្យបាននូវអនុលោមភាពសារពើពន្ធ សម្រាប់វិស័យស្រាបៀរតាមរយៈការដាក់ចេញនូវ ប្រព័ន្ធគ្រប់គ្រងតាមដាន សម្រាប់ផលិតផលស្រាបៀរ ដោយប្រើប្រាស់ការកំណត់កូដ ដោយផ្ទាល់ទៅលើសំបកកំប៉ុង ដប ឬសំបកវិចខ្ចប់ផលិតផល (Direct Coding)
* ប្រព័ន្ធគ្រប់គ្រងតាមដាន សម្រាប់ផលិតផលថ្នាំជក់ ដោយប្រើប្រាស់តែមប្រិ៍អេឡិចត្រូនិក (E-Stamp)
* ប្រព័ន្ធគ្រប់គ្រងតាមដាន សម្រាប់ផលិតផលប្រេងឥន្ធនៈ ដោយបើប្រាស់សញ្ញាកោសល្យវិច្ច័យ (Forensic Marker)
ជានិន្នាការសកលនិងតំបន់ «ទិសដៅឆ្ពោះទៅរកបរិស្ថានសង្គមគ្មានជាតិកាបូន» ត្រូវបានគិតគូរយ៉ាងដិតដល់ជាពិសេស សម្រាប់ វិស័យផលិតយានយន្ត ក្នុងន័យដោះស្រាយបញ្ហាប្រឈម ជាសកលពាក់ព័ន្ធនឹងបរិស្ថាន សន្តិសុខនិងថាមពល ក្នុងនោះបានបន្តពិនិត្យនិងពិភាក្សាលើចំណុចសំខាន់ៗរួមមាន ទិសដៅនៃយានយន្ត ZEV (Zero Emission Vehicles) នៅក្នុងប្រទេសអូស្ត្រាលី, ទិសដៅនៃយានយន្ត ZEV និងការលើកទឹកចិត្តចំពោះវិស័យយានយន្ត ZEV នៅក្នុងប្រទេសថៃ, អាករពិសេស និងបរិស្ថានសង្គមគ្មានជាតិកាបូន, ការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ សហប្រជាជាតិ (UN ESCAP) និងបរិស្ថានសង្គមគ្មានជាតិកាបូន, និងការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះគំនិត ផ្តួចផ្តើមផ្នែកបរិស្ថាន។
លោក គង់ វិបុល ថ្លែងក្នុងវេទិកានៃកិច្ចប្រជុំអគ្គនាយកអាស៊ាន បានលើកឡើងថា ប្រភពចំណូលជាតិដ៏ប្រសើរ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានគោលនយោបាយពន្ធដារ ឬពន្ធផ្ទៃក្នុងត្រឹមត្រូវ ច្បាប់ និងបទប្បញ្ញត្តិពន្ធដែលមានបច្ចុប្បន្នភាព និងរដ្ឋបាលសារពើពន្ធមួយដ៏រឹងមាំ។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រងប្រមូលពន្ធផ្ទៃក្នុង កែទម្រង់ និងបន្តអភិវឌ្ឍស្ថាប័ន ទន្ទឹមនឹងគ្នានោះក៏បានយកចិត្តទុកដាក់ខ្ពស់លើ បញ្ហាសង្គម និងបរិស្ថាន។
លោកបន្ថែមថា ការវិវត្តនៃបច្ចេកវិទ្យា បានធ្វើឱ្យល្បឿននៃការផ្លាស់ប្តូរសេដ្ឋកិច្ចកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ រដ្ឋបាលសារពើពន្ធត្រូវតែចាប់យក និងដើរឱ្យទាន់នូវការផ្លាស់ប្តូរនេះ។
កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មពន្ធដារ គឺជាស្នូលនៃយុទ្ធសាស្ត្រកៀរគរចំណូល (RMS) របស់យើងហើយការប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាក្នុងការបំពេញមុខងារស្នូល និងមុខងារគាំទ្រសម្រាប់ការគ្រប់គ្រងប្រមូលចំណូលពន្ធ គឺចាប់ផ្តើមតាំងពី ឆ្នាំ២០១៤។
វិធានការពន្ធដារ និងបច្ចេកវិទ្យាសំខាន់ៗចំនួន ០២ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្ត ដើម្បីបង្កើនចំណូលពន្ធ ជាពិសេស ពាក់ព័ន្ធនឹងទំនិញជាប់អាករពិសេសរួមមាន (១) ពន្ធតែមប្រិ៍លើផលិតផលបារីផលិតក្នុងស្រុក ដោយមាន QR Code ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ និង (២) ការដំឡើងនិងដាក់ឱ្យដំណើរការ នូវឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈ គ្មានជាតិសុរា (Flowmeter) ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២១
ជាលទ្ធផល ភាពជោគជ័យគឺឆ្លុះបញ្ចាំងតាមរយៈ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងកំណើន ចំណូលពន្ធ ព្រមទាំង ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់។
ដោយសារបញ្ហាប្រឈមនៃអាជីវកម្មខុសច្បាប់ ដែលកើតឡើងរវាងប្រទេសពាក់ព័ន្ធមួយចំនួន ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឱ្យរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ ត្រូវស្វែងរកកិច្ចពិភាក្សា និងសហការគ្នារកដំណោះស្រាយ វិធានការ ឬមធ្យោបាយនានា។
អគ្គនាយកដ្ឋានពន្ធដារ ស្នើសុំកិច្ចសហប្រតិបត្តិការពីភាគីថៃ លើការចែករំលែកនិងផ្លាស់ប្តូរទិន្នន័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ និងការពារការខាតបង់ចំណូលពន្ធសម្រាប់ប្រទេសទាំងពីរ។
ចំពោះបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះនោះ ករណីដូចប្រទេសកម្ពុជាដែលមានព្រំប្រទល់វែងជាប់ជាមួយប្រទេសជិតខាង (Long Border) ជាហេតុធ្វើឱ្យឱកាសនៃការរត់ពន្ធខុសច្បាប់ ដើម្បីគេចពន្ធដូចជាអាករពិសេសនិងអាករលើតម្លៃបន្ថែមមានការកើនឡើង ដូច្នេះ លោកសង្ឃឹមថារដ្ឋាភិបាលប្រទេសថៃ ក៏ដូចជារដ្ឋាភិបាលតាមបណ្តាលប្រទេសនានាក្នុងតំបន់អាស៊ានផ្តល់ កិច្ចសហការចូលរួមដោះស្រាយបញ្ហានេះរួមគ្នា។
លោក គង់ វិបុល មានជំនឿចិត្តថា អាស៊ាននឹងបន្តឆ្ពោះទៅមុខដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយ ភាពធន់ដើម្បីជំនះរាល់បញ្ហាប្រឈម និងកសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន។ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា រីករាយនឹងផ្តល់កិច្ចសហប្រតិបត្តិការនានា ក្នុងពេលអនាគត ក្នុងគោលដៅលើកកម្ពស់ និងពង្រឹងការងារគ្រប់គ្រងប្រមូលពន្ធ ប្រកបដោយប្រសិទ្ធភាព និងការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ។
ក្នុងដំណើរបេសកកម្មដែលមានរយៈពេល ៣ថ្ងៃ របស់គណៈប្រតិភូដែលដឹកនាំដោយលោក គង់ វិបុល បានបញ្ចប់នៅល្ងាចថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កាជាមួយនឹងការទទួលបានជាគំនិតច្នៃប្រឌិតថ្មីៗ បទពិសោធន៍ និងឧត្តមានុវត្តន៍សំខាន់ៗសម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សា ស្វែងយល់ និងបង្កើនសមត្ថភាពរដ្ឋបាលសារពើពន្ធឱ្យកាន់តែ ប្រសើរឡើង៕