(ភ្នំពេញ)៖ លោកបណ្ឌិត ឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន (SOCA Chair) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣៣ (33rd SOCA Meeting) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី អគ្គលេខាធិការរងអាស៊ាន, លេខាធិការអាស៊ាន, ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសជាសមាជិកអាស៊ាន, និង
តំណាងអចិន្ត្រៃយ៍របស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏បានបង្ហាញការគាំទ្រជាថ្មីម្តងទៀត ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជាក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងអាទិភាពទាំងបួនរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន៖ (១) លើកកម្ពស់គុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន, (២) លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី, (៣) លើកកម្ពស់សុខភាព សុខុមាលភាព និងការគាំពារសង្គមសម្រាប់ប្រជាជនអាស៊ាន, និង(៤) ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន
នៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។
អង្គប្រជុំបានគាំទ្រឯកសារលទ្ធផលចំនួន១១ ដែលនឹងត្រូវយកទៅអនុម័ត និងឯកសារលទ្ធផលចំនួន ២០ ដែលនឹងត្រូវយកទៅកត់សម្គាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងបានពិភាក្សាផងដែរអំពីវឌ្ឍនភាពនៃការអនុត្តផែនការមេសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥, កិច្ចការឆ្លងវិស័យ និងឆ្លងសរសរស្ដម្ភ, និងព្រមទាំងវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមកន្លងមក ដែលរួមមាន៖ ក្របខណ្ឌអាស៊ានសម្រាប់ការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ, ក្របខណ្ឌសេដ្ឋកិច្ចវិលជុំ, សេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍ទីក្រុង Bandar Seri Begawan ស្ដីពីការអនុវត្តគ្រប់ជ្រុងជ្រោយ និងបែបយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (ASEAN SHIELD), និងបច្ចុប្បន្នភាពនៃសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេសស្ដេ។
អង្គប្រជុំបានពិភាក្សាលើសំណើ ស្ដីពីការបង្កើតគណៈកម្មការជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់អភិវឌ្ឍចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងបានឯកភាពលើរបាយការណ៍វាយតម្លៃរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលបានរៀបចំបន្ទាប់ពីបេសកកម្មស្វែងរកការពិត ដែលបានធ្វើឡើងក្នុងខែកក្កដាឆ្នាំ២០២២ ស្តីពីសំណើបេក្ខភាពរបស់ប្រទេសទីម័រឡេសស្តេ ចូលជាសមាជិកអាស៊ាន។
អង្គប្រជុំក៏បានស្នើសុំឱ្យមានការពន្លឿនការបញ្ជូន Secondment Officers ទៅកាន់ការិយាល័យតំណាងអចិន្ត្រៃយ៍អាស៊ាន ដើម្បីបំពេញសមាសភាពគណៈកម្មការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន។
អង្គប្រជុំបានកោតសរសើរជាថ្មីម្តងទៀតដល់កម្ពុជា ចំពោះភាពជាប្រធានអាស៊ានប្រកបដោយប្រសិទ្ធភាព និងការរៀបចំបានយ៉ាងល្អប្រសើរ សម្រាប់កិច្ចប្រជុំកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភាពជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣៕