(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៦ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងផាក ពិន័យបានប្រាក់ជាង ១៦៨លានរៀល ពីរថយន្តដឹកលើសទម្ងន់ចំនួន ៨៦គ្រឿង នៅតាមស្ថានីយថ្លឹងរថយន្តនៅតាមដងផ្លូវនានា។

យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនៅតាមទំព័រ Facebook របស់ខ្លួនបានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះថា រថ យន្តទាំង ៨៦គ្រឿងនេះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ១៨តោន។

កាលពីពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងបាន ក៏ចាប់ពិន័យរថយន្តដឹកលើសទម្ងន់បានចំនួន ៣០គ្រឿង និង ផាកពិន័យ ប្រាក់សរុបជាង ៤៣លានរៀលផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ខិតខំពង្រឹងការទប់ស្កាត់  និងអប់រំ រថយន្តទាំងឡាយណា ដែលដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែមានប្រសិទ្ធភាព។ គោលបំណង នៃការឃាត់រថ យន្តដឹកលើសទម្ងន់ ព្រមទាំងធ្វើការផាកពិន័យ គឺដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈ ជាពិសេសម្ចាស់រថយន្ត និង ក្រុមហ៊ុនដឹកជញ្ជូន  ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានចីរភាព តាមអាយុកាលស្តង់ដាបច្ចេកទេសកំណត់។

ខាងក្រោមជាលទ្ធផលលម្អិត នៅតាមទីតាំងស្ថានីយនីមួយៗ៖
១. ស្ថានីយប្រាសាទ ( ខេត្តកំពង់ធំ ) ៣១ គ្រឿង
២.ស្ថានីយរាជានុកូល ( ស្ទឹងត្រែង ) ២៧ គ្រឿង
៣. ស្ថានីយថ្នល់កែង ( កំពង់ចាម ) ៦ គ្រឿង
៤.ស្ថានីយ កូនដំរី ( បន្ទាយមានជ័យ ) ៥ គ្រឿង
៥. ស្ថានីយឃ្លាំងសម្បត្តិ ( តាកែវ ) ៣ គ្រឿង
៦. ស្ថានីយឃ្លាំងមឿង ( ពោធិសាត់ ) ២ គ្រឿង
៧. ស្ថានីយថ្នល់ទទឹង ( ត្បូងឃ្មុំ ) ៣ គ្រឿង
៨. ស្ថានីយព្រែកឯង ( ភ្នំពេញ ) ១ គ្រឿង
៩. ស្ថានីយមានជ័យ ( ក្រចេះ ) ២ គ្រឿង
១០. ស្ថានីយត្រពាំងក្រហម ( រតនគីរី ) ១ គ្រឿង
១១. ស្ថានីយអង្គស្នួល ( កណ្តាល ) ១ គ្រឿង
១២. ស្ថានីយស្ទឹងច្រាល ( ព្រះសីហនុ ) ១ គ្រឿង
១៣. ស្ថានីយពួក (សៀមរាប) ១ គ្រឿង
១៤. ស្ថានីយព្រៃភ្នៅ (ព្រៃវែង) ២ គ្រឿង៕