(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីផលលំបាកដែលកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗ ក៏ត្រូវបានបែងចែកជាបក្ខជាពួក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិដែរ។
ថ្លែងនៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នយោបាយអត់មានស្តង់ដាទេ គឺមានតែផលប្រយោជន៍ ហើយមានតែកីឡាប៉ុណ្ណោះ ដែលមានស្តង់ដាតែមួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកនិងដាស់តឿនម្តងហើយម្តងទៀតថា កម្ពុជាត្រូវបញ្ចៀសឲ្យបាននូវសង្គ្រាម។ នៅសម័យសង្គ្រាម កម្ពុជាមិនមែនមានកាយរឹទ្ធតែមួយទេ គឺមានដល់ទៅពីរ ដែលមួយរៀបចំឡើងដោយរដ្ឋាភិបាល និងមួយទៀត រៀបចំដោយអ្នកមួយផ្នែកនៅក្នុងជួយរដ្ឋាភិបាល គឺគណបក្សហ្វ៊ុនស៉ិនប៉ិច។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នេះជារឿងអកុសល របស់ប្រទេសកម្ពុជារបស់យើង ចាប់តាំងពីឆ្នាំ១៩៧០មក នៅពេលដែលប្រទេសមានសង្គ្រាមហែកចេញទៅជាពីរ ពេលនោះមិនគ្រាន់តែប្រទេសយើងត្រូវបែងចែកជាតំបន់ត្រួតត្រាខុសគ្នា ហើយមានការប្រយុទ្ធគ្នាទេ នៅតាមវេទិកាអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ក៏ត្រូវបែងចែកដូចគ្នានេះដែរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅក្នុងផ្ទៃក្នុងប្រទេស បានកកើតឡើងគ្រាន់តែកាកបាទក្រហម មកដល់ឆ្នាំ១៩៩៤ហើយ មាន៤ភាគី ព្រោះកម្ពុជាមាន ៤ភាគី ក្នុងការប្រយុទ្ធគ្នា ដែលបន្តពីឆ្នាំ១៩៧៩ រហូតដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានព្រះករុណា ព្រះសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដឹកនាំបង្រួបបង្រួមកាកបាទក្រហម ពី៤ភាគី យ៉ាងហោចណាស់ក្នុងពេលនោះ មាន៣ភាគី បើទោះខ្មែរក្រហមមិនចូលរួម ដើម្បីឲ្យទៅជាកាកបាទក្រហមជាតិតែមួយ។ ចំពោះកាយរឹទ្ធិកម្ពុជា បានដើរតាមដំណាក់ៗ ដោយមានការគាំទ្រពីខាងកូរ៉េផង និងជប៉ុនផង។ ខាងជប៉ុន បានផ្តល់ថវិកាមួយចំនួន ឲ្យសម្តេចនៅពេលនោះ ហើយសម្តេចប្រគល់ជូន សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរៀបចំជាឯកសណ្ឋានកាយរឹទ្ធិ។
បើតាមការអះអាងសម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេសវិញ គឺមានការប្រណាំងគ្នា។ ខាងពួក លន់ នល់ គេបានកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ឯខាងរណសិរ្សរួបរួមជាតិ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ គឺបានកាន់កាប់ចលនាមិនចូលបក្សសម្ព័ន្ធ។ អាសនៈនៅក្នុងអង្គការសហប្រជាជាតិ ត្រូវដឹកនាំដោយ លន់ នល់ ដែលដឹកនាំធ្វើរដ្ឋប្រហារខុសច្បាប់។ ឯនៅខាងចលនាតស៊ូ ត្រូវបានគ្រប់គ្រងដោយចលនាតស៊ូ និងចលនាមិនចូលបក្សសម្ព័ន្ធ។ បន្តមកទៀត នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ អាសនៈអង្គការសហប្រជាជាតិត្រូវគ្រប់គ្រង ដោយពួកខ្មែរក្រហម ឯចលនាមិនចូលបក្សសម្ព័ន្ធត្រូវទុកឲ្យនៅទំនេរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបញ្ជាក់យ៉ាងដូច្នេះ «ចំណុចដែលត្រូវរំលឹកទីនេះ នៅត្រង់ថា ហេតុអ្វីបានជាឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពួក លន់ នល់ កាន់កាប់អង្គការសហប្រជាជាតិ និយមន័យនៅពេលនោះ គេបកស្រាយថា របប លន់ នល់ គ្រប់គ្រងរដ្ឋធានី អញ្ចឹងរបប លន់ នល់ ត្រូវកាន់កាប់អង្គការសហប្រជាជាតិ។ ដល់មកដល់ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ គឺគេបកស្រាយផ្សេង ទោះបីយើងគ្រប់គ្រងរដ្ឋធានី គេមិនឲ្យយើងកាន់កាន់អាសនៈអង្គការសហប្រជាជាតិទេ។ អញ្ចឹងខ្ញុំគួរតែត្រូវរំលឹចថា នយោបាយវាដូច្នេះ គឺផលប្រយោជន៍ វាទៅជាមួយ។ វាមិនអាចមានស្តង់ដាទេ វាអត់មានក្រឹត្យក្រមដាក់នៅកន្លែងហ្នឹងទេ។ ដែលខ្លះហៅថាស្តង់ដារអន្តរជាតិ ខ្ញុំនៅតែនៅតែបញ្ជាក់នយោបាយអត់មានស្តង់ដារទេ មានតែកីឡាទេ ទើបមានស្តង់ដាតែមួយ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ សម្តេចបានជួបពិភាក្សាជាមួយលោក គីម គូយ៉ុង អតីតនាយកការិយាល័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់រហូតរៀបចំបាននូវមហាន្និបាតលើកទី១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ និងបានដឹកនាំចលនានេះ រហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨៕