(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺជាតឹកតាងបង្ហាញពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យសិទ្ធិមនុស្ស ហើយក៏ជាការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។

លោកថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ មានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ស្ថាប័ននេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើការងារសិទ្ធិមនុស្ស។

ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ដំណើរឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា» ដោយមានការចូលរួមពីលោក Kieren Fizpatrick នាយកវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF), អ្នកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេស ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR), តំណាងមកពីស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី និងតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈច្បាស់លាស់ក្នុងបង្កើតឱ្យមាននូវស្ថាប័នជាតិសិទ្ធិមនុស្សមួយដែលឯករាជ្យ មានតួនាទីក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅកម្ពុជា ដោយបានសម្រេចអនុញ្ញាតឱ្យបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះតាំ ងពីឆ្នាំ១៩៩៧ ដែលពេលនោះរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឱ្យតំណាងអង្គការមិនមែនរដ្ឋាភិបាល ធ្វើជាប្រធានក្រុមការងារ តាក់តែងសេចក្តីព្រាងច្បាប់។

លោក កែវ រ៉េមី ក៏បានរំឮកថា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ដែលដឹកនាំដោយតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះ បានជួបប្រជុំធ្វើការ និងបានរៀបចំធ្វើសិក្ខាសាលាមួយចំនួន ប៉ុន្តែមានការអាក់ខានមួយរយៈ និងមានភាព រអាក់រអួល ក្នុងដំណើរការ នៃការរៀបចំសេចក្ដីព្រាងច្បាប់នេះ។ បន្ទាប់ពីមានការរអាក់រអួលមួយរយៈក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំបទឧទ្ទេសនាមមួយស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលចំនួន១០ និងនិស្សិតប្រមាណ២០០នាក់។

បន្ថែមពីនេះ លោក កែវ រ៉េមី ក៏បានគោលការណ៍ទីក្រុងប៉ារីស នៃស្ថាប័នសិទ្ធិមនុស្សជាតិ មាន៦ចំណុចសំខាន់ៗគឺ១៖ អាណត្តិទូលំទូលាយ, ២៖ ស្វ័យភាព, ៣៖ ឯករាជ្យភាព, ៤៖ ពហុភាព, ៥៖ ធនធានគ្រប់គ្រាន់ និង៦៖ អំណាចគ្រប់គ្រាន់ ហើយដែលនៅថ្ងៃនេះ វាគ្មិនជាអ្នកជំនាញមកពីស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសក្នុងតំបន់អាស៊ាន រួមមាន៖ ប្រទេសហ្វ៉ីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នឹងធ្វើការពន្យល់លម្អិតបន្ថែមលើគោលការណ៍មួយចំនួន។

ដោយបន្ដមើលឃើញថាមិនមានវឌ្ឍនភាពថ្មីអស់រយៈពេលជាច្រើនឆ្នាំរួចមក កាលពីឆ្នាំ២០១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំតាក់តែងសេចក្ដីព្រាងច្បាប់នេះបន្ដ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ខែមីនា ឆ្នាំ២០២១ ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាង ២០លើក រួមមាន៖ ទាំងកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ និងកិច្ចប្រជុំទ្វេភាគីជាមួយតំណាង APF និងជាមួយតំណាង OHCHR ប្រចាំកម្ពុជា ដោយសម្រេចបានសេចក្តីព្រាងច្បាប់ដំបូង ដែលមាន៨ជំពូក និង ៣២មាត្រា៕