(ត្បូងឃ្មុំ)៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ត្រំជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែ ក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ។

ក្រោយចុះពិនិត្យដោយផ្ទាល់នេះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ជាជំហានដំបូងរដ្ឋបាលខេត្តនឹងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ជំហានបន្តនិងឱ្យមន្ទីជំនាញ ដូចជាមន្ទី សាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលំអិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិ។

លោកបណ្ឌិត អភិបាលខេត្ត បន្តថា គិតត្រឹមថ្ងៃទី១១ ខែតុលានេះ មិនទាន់មានរបាយការណ៍លំអិតថា មានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ តែយ៉ាងណាផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនិងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិនដើម្បីកុំឱ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បើតាមលោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ។ លោកថាជំហានដំបូងនេះ មានតែចាក់ថ្ម ជាបណ្តោះអាសន្នដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ។

លោកបន្តថា នៅពេលដាច់ទឹកភ្លៀងក្រសួងដ៏ដូចជាមន្ទីរ នឹងសិក្សាលំអិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាតគឺជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានោះលោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជំហានដំបូងនេះខាងមន្ទីនឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាតថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហានបន្ទាប់ចាក់កំទេចថ្មជាបណ្តោះ អាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យខាងលើនេះរងការខូចខាតខ្លាំងប្រម៉ាណ ១៥ គីឡូម៉ែត្រ៕