(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ហេង និងលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានប្ដេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាល។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្ដែងការអបអរសាទរចំពោះលោក Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីវៀតណាមចំពោះកិច្ចសហការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈ នៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ មួយចំនួនដូចជា៖ ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ម៉ាសចំនួន២លាន ម៉ាសN95 ចំនួន៣០ម៉ឺន និងម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៨០០គ្រឿង។
លោកសាស្ដ្រាចារ្យបន្ដថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ត្រូវបានពង្រឹងនិងពង្រីកផងដែរ ដូចជា៖ ការផ្លាស់ប្ដូរបច្ចេកទេស ព័ត៌មាន បទពិសោធន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការពិនិត្យ និងព្យាបាលអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។ បង្កើនការទប់ស្កាត់ជំងឺឆ្លងកាចសាហាវនៅតាមព្រំដែន នៃប្រទេសទាំងពីរ រួមមានជំងឺកូវីដ-១៩ H1N1 អេបូឡា ជំងឺផ្លូវដង្ហើមជ្ឈឹមបូព៌ា ជំងឺហ្សីកា និងជំងឺឆ្លងផ្សេងៗទៀត និងជំងឺដែលបណ្ដាលមកពីចំណីអាហារមានជាតិគីមីពុល ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ព្រមទាំងបង្រ្កាបការជួញដូរឱសថក្លែងក្លាយ ឬខុសច្បាប់។
លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញទាំងសេដ្ឋកិច្ចនិងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាក់វ៉ាកសាំងកូវីដ-១៩ ជូនដល់មន្រ្តីការទូតវៀតណាមទាំងអស់ និងប្រជាជនវៀតណាមដែលកំពុងរស់នៅកម្ពុជាដោយឥតគិតថ្លៃ។ លើសពីនេះ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ មួយចំនួនដូចជា៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ម៉ាស់ធម្មតាចំនួន ១លាន ម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១០០គ្រឿង៕