(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់របាំងហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកម្ពស់លើសពី ២.៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។

ការហាមឃាត់បែបនេះ របស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។

រដ្ឋបាលខេត្តបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមូលហេតុថា ផ្លូវទាំង៤ខ្សែខាងលើនេះ ជាផ្លូវមានចំណោតខ្លាំង និងវែង មិនសមស្រមឱ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្តនឹងរៀបចំដាក់របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមានកម្ពស់២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាកសញ្ញាហាមឃាត់នានា លើផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧»

រដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកម្ពស់លើសពី២.៣ម៉ែត្រ ចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕