(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨។
កិច្ចប្រជុំនេះ ដែលធ្វើឡើងនៅសណ្ឋាគារសុខានេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (28th ASCC Council Meeting)។
កិច្ចប្រជុំនេះដែរនឹងមានព្រឹត្តិការណ៍អមចំនួន២ គឺកម្មវិធីប្រកួតជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅវេលាពេលព្រឹក នៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus) និងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅវេលាពេលរសៀល នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ, អាទិភាព, ព្រឹត្តការណ៍អម និងឯកសារដែលត្រូវអនុម័ត រួមមាន៖ សេចក្ដីប្រកាសទាក់ទងទៅនឹងការងារកីឡា, អត្តសញ្ញាណអាស៊ាន, វប្បធម៌, ពលករចំណាកស្រុក, សហគ្រិនភាពរបស់ស្ត្រី, ការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខ។
កិច្ចប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការកំណត់ឆ្នាំ២០២២ គឺជាឆ្នាំនៃយុវជនអាស៊ានផងដែរ៕