(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានទទួលជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូអ្នកដឹកនាំវ័យក្មេងអាស៊ាន ប្រមាណ២០រូប ដឹកនាំដោយ លោកស្រី Swati Mathur នាយិកាប្រតិបត្តិនៃអង្គការ Common Purpose Asia-Pacific Limited ក្រោមកម្មវិធី ASEAN Young Leaders Programme ឆ្នាំ២០២២។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពីសំណាក់ លោកទេសរដ្ឋមន្ត្រី ទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងវិស័យឯកជន និងរដ្ឋ ក៏ដូចជាដើម្បីឱ្យយុវជនវ័យក្មេងអាស៊ាន បានឈ្វេងយល់កាន់តែច្បាស់អំពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូន របស់កម្ពុជាផងដែរ។

ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបដល់យុវជនវ័យក្មេងអាស៊ានអំពីការរីកចម្រើនរបស់ប្រទេសជាតិ និងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសទិសដៅការងារអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងបានឆ្លើយឆ្លងជាមួយយុវជនវ័យក្មេង អាស៊ានទៅវិញទៅមក អំពីទិដ្ឋភាពទូទៅពាក់ព័ន្ធជាមួយនឹងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានន៍ណែនាំដល់យុវជនវ័យក្មេងអាស៊ានទាក់ទងនឹងការដឹកនាំស្ថាប័ន ការដឹកនាំអង្គភាព បទពិសោធន៍ ការអនុវត្តល្អៗ គុណតម្លៃផ្សេងៗ និងគោលការណ៍សំខាន់ៗមួយចំនួន ដែលជាចក្ខុវិស័យសម្រាប់ការតម្រង់ទិសក្នុងភាពជាអ្នកដឹកនាំ រួមជាមួយនឹងទ្រឹស្តី “E” ចំនួន៥គឺ Energy Energize Edge Execute Enthusiasm និងពាក្យស្លោកមួយឃ្លាថា៖ «សូមកុំសួរថា កម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា» ដើម្បីអភិវឌ្ឍខ្លួនឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត ក្នុងនាមជាអ្នកដឹកនាំជំនាន់ថ្មី៕