(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្ម ទន្លេបាសាក់ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួនដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្ដូរមតិយោបល់លើទិន្នន័យ និងព័ត៌មានទាក់ទងនឹងការងារបច្ចេកទេសផ្លូវទឹក ការសិក្សា និងការវាយតម្លៃចាំបាច់លើផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ចផងដែរ។

លើកឡើងនាឳកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនគម្រោងសិក្សានេះឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់ បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកផ្ទៃក្នុងប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបាន កាន់តែងាយស្រួលផងដែរ៕