(កំពង់ធំ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងប្រធានប្រតិភូបេសកកម្មក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពកំណាត់ខ្សែផ្លូវមួយចំនួនដែលបានទទួលរងការលិចលង់ដោយសារទឹកជំនន់។

ក្នុងប្រតិបត្តិការនេះលោកបានដឹកនាំចុះពិនិត្យលើផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦៧ ផ្លូវជាតិលេខ៦៨ ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៩៥ រួមទាំងផ្លូវខេត្តខ្លះស្ថិតក្នុងខេត្តកំពង់ធំក្នុងគោលដៅពង្រឹងភារកិច្ចគ្រប់គ្រងថែទាំ និងរៀបចំឡើងវិញជួសជុលបណ្តាញផ្លូវនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាប់ពីរដូវភ្លៀងជិតបញ្ចប់ទៅ។

ផ្លូវជាតិលេខ៦គឺពិនិត្យនៅកន្លែងលិចទឹកទី១ គឺមើលពីសន្ទុកទៅដល់ទីរួមខេត្តកំពង់ធំ ហើយមួយទៀតពិនិត្យពីទីរួមស្រុកស្ទោងនៅចំណុចពី PK ២២០-២២៤ ផ្លូវ២៦៤ដេ បន្ទាយស្ទោងដែលមាន៧គីឡូម៉ែត្រ និងផ្លូវកំពង់ក្របៅចាប់ពីផ្លូវជាតិលេខ៦ ចាប់ពីគល់ស្ពានកំពង់ធំរហូតទៅដល់ភូមិព្រៃគុយ។

លោក យិត ប៉ុនណា បានបញ្ជាឱ្យក្រុមការងារសិក្សាលើផ្លូវកៅស៊ូពីគល់ស្ពានកំពង់ធំទៅភូមិព្រៃគុយ ត្រូវពង្រីកទទឹងផ្លូវឱ្យដល់៧ទៅ៨ម៉ែត្រ និងសិក្សាពីមុខទឹកឱ្យបានច្បាស់លាស់។ ចំពោះផ្លូវលេខ៦ លោកបានសំណូមពរឱ្យអាជ្ញាធរជួយសហការជួយកាយប្រឡាយអមសងខាងផ្លូវនេះ ហើយជួយមើលកុំឱ្យមានការចាក់ដីបិទមុខទឹក និងយកដ្រូនបង្ហោះដើម្បីសិក្សានៅកន្លែងនោះថាមុខទឹកវាយ៉ាងម៉េច។

ក្នុងនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាថែទាំជាប្រចាំទាំងផ្លូវជាតិ ផ្លូវខេត្ត ទោះបីស្ថិតក្រោមការគ្របគ្រងរបស់ក្រសួងក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនក៏ដោយ៕