(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយលោក វ៉ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយប្រចំាការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ តាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងមក មានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សម្គាល់។
ភាគីទំាងពីរបានអបអរសាទរខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ដែលគណបក្ស និងប្រទេសទាំងពីរបាននិងកំពុងរួមគ្នារៀបចំនូវសកម្មភាពនានាយ៉ាងឱឡារឹកអធិកអធម តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគណបក្ស រដ្ឋ និងអង្គការមហាជននៃប្រទេសទាំងពីរ និងលិខិតអបអរសាទរទៅវិញទៅមក។
សម្រាប់ទិសដៅនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ។ ជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នាឱ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សទាំងពីរឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ៕