(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយចំនួន៣ ដែលស្នើសុំមានចំនួន៤,៦៦៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១,១២៥នាក់ ចូលសង្កេតមើលដំណើរការពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
គ.ជ.ប បានបន្តថា គណបក្សនយោបាយទាំង៣ ដែលបានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនរួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន៣,៣០៩នាក់ លើ២៥រាជធានី-ខេត្ត ក្នុងចំណោម១,៤៥៦ លើ ១,៦៥២ឃុំ-សង្កាត់
ទី២៖ គណបក្សភ្លើងទៀន បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ១,៣៣៦នាក់ នៅ២១រាជធានី-ខេត្ត ក្នុងចំណោម ៦៣២លើ ១,៦៥២ឃុំ-សង្កាត់
ទី៣៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងាររបស់ខ្លួន២៤នាក់ នៅ៤រាជធានី-ខេត្ត ក្នុងចំណោម១៣ លើ១,៦៥២ឃុំ-សង្កាត់។
ជាមួយគ្នានេះដែរ គ.ជ.ប បានបញ្ជាក់ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
គ.ជ.ប បានគូសបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជាដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕