(កំពង់ស្ពឺ)៖ កម្ពុជានឹងបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន៣កង ដែលចំនួន៣៤៦នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី MINUSMA និងសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS។
ជុំវិញការបញ្ជូនកងទ័ពទាំង៣៤៦នាក់នេះ ឱ្យចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ មិនទាន់បញ្ជាក់ច្បាស់ពីការបរិច្ឆេទនៅឡើយទេ។
ជាក់ស្តែង ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពមួកខៀវ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) អ្នកសម្របសម្រួលស្តីទីរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រៀបចំពិធីជូនដំណើរ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO)។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី កម្ពុជា នឹងបញ្ជូនកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ចេញបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅសាធារណររដ្ឋម៉ាលី MINUSMA។ ទន្ទឹមនោះ ក៏មានការបញ្ជូនកងអនុសេនាធំ រាជអាវុធហត្ថលេខ១៧១ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS ផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងទាំង៣កងនេះ មានចំនួនសរុប៣៤៦នាក់ មកពីកងឯកភាពនៃយោធពលខេមរភូមិន្ទ ដោយបានទទួលការហ្វឹកហ្វឺនលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ពីគ្រូបង្គោលកម្ពុជា មន្រ្តី UNMAS សាធារណរដ្ឋបារាំង និងបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលដូចបណ្តាកងមុនៗដែរ។ ការចូលរួមរបស់នារីក្នុងកងរាជអាវុធហត្ថមានចំនួន ៣៣នាក់ ស្មើនឹង ៤៧,១៤%។ រីឯកងកម្ទេចគ្រឿងផ្ទុះមានចំនួន ១៨នាក់ ស្មើនឹង ១២,៨% និងក្នុងវិស្វកម្មព្រលានយន្តហោះមានចំនួន ១៦នាក់ ស្មើនឹង ១២,៨%។
ជាមួយគ្នានេះដែរ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល កងកម្លាំងមួកខៀវកម្ពុជា និងប្រជាជនកម្ពុជា ដែលបានលះបង់សម្រាប់សុខសន្តិភាពក្នុងពិភពលោក។
លោកក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលបន្តលើកកម្ពស់របៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដ្បិតកងកម្លាំងរក្សាសន្តិភាពស្រ្តី ដើរតួជាគំរូផ្នែកសមភាពយេនឌ័រ និងបំផុសគំនិតក្មេងស្រីជុំវិញពិភពលោក ចូលរួមគំនិតក្នុងការផ្តួចផ្តើមកសាងសន្តិភាពក្នុងប្រទេស ឬក្រៅប្រទេស។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្ភណ៍របស់លោក Alam Sardar Umar អ្នកសម្រប-សម្រួលស្តីទីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ ទិវាអង្គការសហប្រជា-ជាតិ ថ្ងៃទី២៤តុលា ដែលជាថ្ងៃរំលឹកប្រចាំឆ្នាំនៃការបង្កើត ជាផ្លូវការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដែល មានធម្មនុញ្ញរបស់ខ្លួន ចែងថា «លះបង់ ដើម្បីធ្វើឱ្យប្រជាជនពិភពលោកស្គាល់ពីគោលបំណង និងសមិទ្ធិផល របស់អង្គការសហ ប្រជាជាតិ និងដើម្បីទទួលបានការគាំទ្រ នូវការងារដែល អ.ស.ប បាននឹងកំពុងធ្វើសម្រាប់ប្រជាជន ទាំងមូល»។
ឧបនាយករដ្ឋមន្រ្តី ក៏បានពាំនាំការសួរ សុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជានិច្ចកាល សម្តេច តែងតែផ្តាំផ្ញើ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏មិនភ្លេចអនុសាសន៍ណែនាំ «ទៅគ្រប់ មកគ្រប់» របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ និងណែនាំឱ្យកម្លាំងទាំងអស់ ត្រូវចេះរួបរួម ស្រឡាញ់គ្នា សាមគ្គី ឯកភាពគ្នាជាធ្លុងមួយ និងត្រូវចេះ ជួយគ្នាទៅវិញទៅមក ឱ្យសម្រេចបានភារកិច្ចរៀងៗខ្លួន និងភារកិច្ចរបស់ក្រុម។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាខួបលើកទី១៦ គិតចាប់ពីឆ្នាំ២០០៦ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ក្រោយពីកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា UNTAC បានដកចេញពីកម្ពុជានាឆ្នាំ១៩៩៣។ មកដល់ពេលនេះ កម្លាំងកម្ពុជាមានចំនួនសរុប ៨៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០។ កងកម្លាំងមួកខៀវកម្ពុជា បានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្ន កម្លាំងកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕