(ភ្នំពេញ)៖ ប្រធានអាស៊ាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញយ៉ាងខ្លាំងឲ្យមីយ៉ាន់ម៉ាមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ប្រធានអាស៊ាន បានបញ្ជាក់ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៉ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

«យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន។

ប្រធានអាស៊ានបានកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។

«ហេតុនេះ យើងជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា»។ នេះបើតាមសេចក្តីថ្លែងការណ៍។

អាស៊ានក៏បានអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ទៅលើព្រឹត្តិការណ៍ប្រគុំតន្រ្តី ដែលធ្វើឡើងដោយ ក្រុមឧទ្ទាមជនជាតិភាគតិចដ៏ធំមួយ ដែលបានសម្លាប់មនុស្សប្រហែល ៥០នាក់ និងរបួស ៧០នាក់។

យោធាមីយ៉ាន់ម៉ា បានចេញមុខការពារការវាយប្រហារតាមអាកាសរបស់ខ្លួន លើការប្រគុំតន្ត្រីនេះ ដោយចាត់ទុកថាជាការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការវាយប្រហារនៅក្នុងតំបន់ ក្រោយពីក្រុមប្រឆាំងចោទប្រកាន់របបយោធាថាបានកំណត់គោលដៅលើជនស៊ីវិល និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

ក្រុមឧទ្ទាម KIA តែងតែប៉ះទង្គិចជាជាមួយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា អស់ជាច្រើនទស្សវត្សមកហើយ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១៕