(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំសង្កាត់ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុប ៦,៩៧១នាក់ ក្នុងនោះស្រ្តីមានចំនួន ១,៤៨៦នាក់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាត មានដូចខាងក្រោម៖
ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់របស់ខ្លួនចំនួន ៣,៧៣៥នាក់ ស្ត្រី១,០៤២នាក់ ក្នុងចំណោម២៥រាជធានី-ខេត្ត
ទី២៖ គណបក្សភ្លើងទៀន បានដាក់ភ្នាក់របស់ខ្លួនចំនួន ៣,១៨០នាក់ ស្ត្រី៤២៩នាក់ ក្នុងចំណោម២៥រាជធានី-ខេត្ត
ទី៣៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៥១នាក់ ស្ត្រី១៥នាក់ នៅ៦រាជធានី-ខេត្ត
ទី៤៖ គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ងាររបស់ខ្លួន ១នាក់
ទី៥៖ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងាររបស់ខ្លួន ៤នាក់។
គ.ជ.ប បានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕