(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយមិនគិតប្រាក់រយៈពេល១ខែ។

ក្នុងការដាក់ឲ្យដំណើរការសាកល្បងនេះ រថយន្តបានធ្វើដំណើរ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ កាត់បន្ថយការចំណាយពេលពីជាង៥ម៉ោង មកត្រឹម២ម៉ោងតែប៉ុណ្ណោះ ដែលផ្តល់ជូននូវភាពរហ័ស សុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយនាំមកនូវការផ្លាស់ប្តូរដល់ជីវិតប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។

ដើម្បីផ្តល់ភាពងាយស្រួល ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីចុះហត្ថលេខា ធនាគារ អាយ ស៊ី ប៊ី ស៊ី (ICBC) សាខាភ្នំពេញ និងធនាគារ កាណាឌីយ៉ា លើកិច្ចព្រមព្រៀងត្រីភាគី ស្តីពីការប្រមូលប្រាក់ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ ពិធីនេះ ធ្វើឡើងនៅអគារកាណាឌីយ៉ា។

ការចុះហត្ថលេខាត្រីភាគីនេះ នឹងផ្តល់ជាគំរូថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ រវាងសហគ្រាសមូលនិធិចិន ធនាគារពាណិជ្ជដែលធំជាងគេនៃកម្ពុជា និងធនាគារមូលនិធិចិននៅកម្ពុជា។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឲ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឲ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីយានយន្ត នៅតាមគន្លងផ្លូវណាមួយ បើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន់៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឲ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ផ្លូវល្បឿនលឿន​នេះ​ បានការកំណត់ល្បឿនបើកបរ ទៅតាមប្រភេទរថយន្តចន្លោះពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ៕