(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្តេជ្ញាចិត្តជួសជុល ថែទាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់កន្លងទៅថ្មីៗនេះ ឱ្យបានល្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋ ឱ្យរួចយ៉ាងយូរត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការប្តេជ្ញាចិត្តបែបបនេះ របស់លោក សំ លាងទ្រី បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តសម្រាប់ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះ ទាំងផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហម ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលរងការខូចខាតដោយទឹកជំនន់ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តអាចគ្រប់គ្រងបាន ដោយធ្វើការជួសជុល ថែទាំបានល្អស្ទើទាំងអស់ ហើយផ្លូវខ្លះយើងជួសជុល ថែទាំបានល្អ១០០% ហើយ នឹងបានបន្តជួយជួសជុលផ្លូវនៅក្នុងខេត្តថែមទៀតផង។

ប្រធានមន្ទីររូបនេះ បានបន្តថា «ដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ថែទាំ ជួសជុល ផ្លូវដែលគ្រប់គ្រងដោយមន្ទីរដោយមិនឱ្យមានគ្រលុក សំបុកមាន់ និងប្តេជ្ញាធ្វើការជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដែលខូចខាតដោយទឹកជំនន់ ឱ្យបានល្អប្រសើរឡើងវិញយ៉ាងយូរត្រឹមពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ»

ទាក់ទងនឹងកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែ និងទិសដៅអនុវត្តសម្រាប់ខែបន្ត លោក សំ លាងទ្រី បានកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ពិសេសលើការជួសជុស ថែទាំផ្លូវ ដែលខូចខាតដោយទឹកជំនន់។

ជាមួយគ្នានេះលោកប្រធានមន្ទីរ ក៏បានជំរុញដល់ក្រុមការងារសុវត្ថិភាពចរាចរណ៍ ត្រូវបន្តចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋ ដែលបើកបរនៅតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីប្រចាំការនៅច្រកចេញ-ចូល តែមួយ នៅតាមសាលាខេត្ត ក្រុង ស្រុក ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕