(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលពីការពិនិត្យ សម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដោយយកបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ និងដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងអនុសាសន៍ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានធ្វើការកែសម្រួលពាក្យពេចន៍ ខ្លឹមសារ និងបទប្បញ្ញត្តិមួយចំនួនឱ្យសង្គតិភាពគ្នាស្របតាមទម្រង់គំរូស្តង់ដានៃបែបបទ លិខិតបទដ្ឋានគតិយុត្ត និងឱ្យស្របទៅនឹងគោលការណ៍ដែល គ.ជ.ប បានសម្រចកន្លងមក។

សេចក្ដីព្រាងនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មាន ៣៥៦ ទំព័រ ដែលចែកចេញជា ១០ជំពូក មាន១៥៨ ប្រការ និងមាន៩ ឧបសម្ព័ន្ធ ហើយដែលជំពូកនីមួយៗបានចែងអំពី៖

*ជំពូកទី១ បទប្បញ្ញត្តិទូទៅ
*ជំពូកទី២ ប្រព័ន្ធបោះឆ្នោត និងការកំណត់ចំនួនអាសនៈក្នុងរដ្ឋសភា
*ជំពូកទី៣ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន
*ជំពូកទី៤ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
*ជំពូកទី៥ ការិយាល័យបោះឆ្នោត
*ជំពូកទី៦ កាចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត
*ជំពូកទី៧ ការឃោសនាបោះឆ្នោត
*ជំពូកទី៨ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
*ជំពូកទី៩ ការបាត់បង់អាសនៈនៃរដ្ឋសភា និងការជ្រើសតាំងជំនួស ព្រមទាំងការបែងចែកអាសនៈនៅទំនេរ
*ជំពូកទី១០ នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងចំពោះគ្រប់អំពើបំពានលើបទប្បញ្ញត្តិនៃជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមត្ថកិច្ច និងនីតិវិធីប្រជុំផ្សះផ្សា ប្រជុំសម្រេច និងសវនាការដោះស្រាយពាក្យបណ្ដឹង។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាម្តងមួយជំពូកៗ គ្រប់ជំពូកទាំង១០ រួចមក គ.ជ.ប បានឯកភាពធ្វើការកែសម្រួលនូវចំណុចមួយចំនួន និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងនៃបទបញ្ជា និងនីតិវិធី ព្រមទាំងឧបសម្ព័ន្ធ។ អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប រៀបចំចាត់ចែងបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍លើសេចក្តីព្រាងនេះ ក្នុងរយៈពេល ២០ថ្ងៃ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕