(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះបំពាក់បរិក្ខាចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ចាប់ពីចំណុចគល់ស្ពានទន្លេស្រែពក (ព្រំប្រទល់ខេត្តស្ទឹងត្រែង) រហូតដល់ក្រុងបានលុង ដើម្បីចូលរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ថា «ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ»។

ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ការបំពាក់បរិក្ខាលើកំណាត់ផ្លូវជាតិលេខ៧៨ ខាងលើនេះ គឺកែលម្អ បង្កើនសោភ័ណភាពផ្លូវងាយស្រួលធ្វើដំណើរក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ និងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក សាយ សាមាន បានបន្តថា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ គឺសូមឱ្យអ្នកធ្វើដំណើរទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការដូចជា៖ បើស្រវឹងសូមកុំបើកបរ, ត្រូវមានការអធ្យាស្រ័យគ្នាក្នុងពេលបើកបរ, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្តជាប្រចាំ និងមិនត្រូវវ៉ាជែងគ្នាក្នុងស្ថានភាពប្រថុយទេ៕