(ភ្នំពេញ)៖ ក្នុងជំនួបតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកបទពិសោធដែលកម្ពុជាឆ្លងកាត់ ជូនដល់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន និងបានបញ្ជាក់ថា «គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ»។

«សម្តេចតេជោនាយកដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា ភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍»។ នេះបើតាមសេចក្តីប្រកាសរប​ស់ក្រសួងការបរទេស អំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន។

នៅក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាន និងកំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចក៏បានបង្ហាញក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិឋាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។

ជាមួយគ្នានេះផងដែរ សម្តេចបានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។

ចំណែក ​ប្រធានាធិបតីបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

លោកបានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២នេះ៕

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានអូសអន្លាយអស់រយៈពេលប្រមាណជិត៩ខែមកហើយ ខណៈដែលផលប៉ះពាល់នៃសង្គ្រាមកាន់តែរីកធំឡើង៕