(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែប្រវែង៥៩០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅក្នុងសង្កាត់កំពង់ប្រណាក ស្រុកព្រះវិហារ ដែលផ្លូវ១ខ្សែនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពិបាកការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ នាឱកាសនេះដែរ លោក គីម រិទ្ធី ថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវ និងប៉ិនប្រសព្ធ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជា យើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ត្រូវអភិវឌ្ឍរីកចម្រើនជាលំដាប់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លោកបន្ដថា ដោយកត្តាធម្មជាតិ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានកសាង ពិសេសផ្លូវថ្នល់រងការខូចខាតពិបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា ក្នុងនាមអាជ្ញាធរឃើញ ការលំបាករបស់ពលរដ្ឋ មិនមែនមើលនឹងភ្នែកទេ តែបើយើងធ្វើនៅរដូវដែលមិនអំណោយផលគឺគ្មានគុណភាព ប្រើប្រាស់មិនបានយូរងង្វែង។

លោកបន្ដទៀតថា ជាក់ស្តែង នាឱកាសនេះដោយមើលឃើញពីការអំណោយផលរបស់ធម្មជាតិ លោកបានដឹកនាំក្រុមការងារ ចុះបើកការដ្ឋានជួសជុលផ្លូវបេតុង ១ខ្សែប្រវែង៥៩០ម៉ែត្រ នៅក្នុងក្រុងព្រះវិហារ។

លោក គីម រិទ្ធី បានថ្លែងថា នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋយើងនឹងទទួលបានផ្លូវដ៏ស្រស់ស្អាតថែមទៀត និងមានសោភណ្ឌភាពល្អ ធ្វើដំណើរស្រួល។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ជួយថែរក្សាផ្លូវទាំងនេះ ពីព្រោះជាផ្លូវរបស់បងប្អូនទាំងអស់គ្នា ព្រោះជាគុណប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់​​​កូនចៅយើងជំនាន់ក្រោយ៕