(ព្រះវិហារ)៖ ក្រុមការងារថែទាំផ្លូវថ្នល់​ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុល​ ថែទាំកំណាត់ផ្លូវជាតិលេខ៩៤ ដែលមានប្រវែង៥៤,៩០គីឡូម៉ែត្រ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅមួយ (ព្រំប្រទល់កម្ពុជា-ឡាវ) ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថា៖ «កំណាត់ផ្លូវលេខ៩៤នេះ ជាខ្សែផ្លូវដែលមានសារៈសំខាន់ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៩ (ទីប្រជុំជនស្រុកឆែប) ឆ្ពោះទៅកាន់កាន់ព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ និងបន្តទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍មួយជាប់ ព្រំដែនកម្ពុជា-ឡាវ»

ប្រធានមន្ទីររូបនេះ បានបន្តថា នៅរដូវវស្សាឆ្នាំកន្លងទៅនេះ ផ្លូវជាតិលេខ៩៤នេះក៏ដូចជាផ្លូវជាតិផ្សេងៗ និងផ្លូវខេត្ត ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន បានរងនូវការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋជួបនូវការលំបាក។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានធ្វើការថែទាំ ជួសជុល ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដោយមិនមានការធ្វេសប្រហែសឡើយ និយាយរួមទោះក្នុងរដូវវស្សា ក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរ បានប្រចាំតាមគោលដៅសំខាន់ៗ រហូត៦កងធំៗ និងកងតូចៗមួយចំនួនទៀត ធ្វើការជួសជុល ថែទាំជាប្រចាំជាពិសេសក្នុងទិសដៅអន្តរាគមន៍ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងខ្លាំង»។

ប្រធានមន្ទីរ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលខូចខាតដោយទឹកជំនន់ មន្ទីរបានធ្វើការជួសជុល ថែទាំឡើងវិញបានជាច្រើនខ្សែរ ផ្លូវខ្លះជួសជុលរួចបាន១០០% ហើយ ប៉ុន្តែលោកប្តេជ្ញាចិត្តនឹងជួសជុលផ្លូវទាំងអស់ដែលគ្រប់គ្រងដោយមន្ទីរឱ្យរួច១០០% យ៉ាងយូរត្រឹមពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ៕