(ភ្នំពេញ)៖ កម្ពុជានិងវៀតណាម មានគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនជាមួយគ្នា គឺល្បឿនលឿនចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងបាវិត ឆ្លងកាត់ព្រំដែនបាវិត-ម៉ុកបៃ តភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាមដែលចេញពីម៉ុកបៃឆ្ពោះទៅទីក្រុងហូជីមិញ បន្ទាប់ពីផ្លូវល្បឿនលឿនទាំង២ខ្សែនេះស្ថាបនារួចរាល់។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿនទាំងខាងកម្ពុជានិងខាងវៀតណាមនេះ គេត្រូវរង់ចាំយ៉ាងហោចណាស់ដល់ឆ្នាំ២០២៧ ទើបអាចត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ។

គម្រោងតភ្ជាប់ផ្លូវល្បឿនលឿននេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ជាមួយ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន។ នេះបើតាមការចេញផ្សាយតាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ខាងកម្ពុជា) ជាមួយនឹងផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ (ខាងវៀតណាម)។ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញរបស់វៀតណាម ដើម្បីពន្លឿនការតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា។

ភាគីវៀតណាមក៏បានសន្យាថា នឹងផ្តល់ព័ត៌មានជាក់លាក់តាមក្រោយ បន្ទាប់ពីក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។

លោក Nguyen Van Thang បានបញ្ជាក់ដែរថា ការសិក្សាសមិទ្ធលទ្ធភាពផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញរបស់វៀតណាម បានបញ្ចប់រួចរាល់ហើយ ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿននេះត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាក៏គ្រោងអនុវត្តគម្រោងល្បឿនលឿនភ្នំពេញ-បាវិត នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ផងដែរ៕