(សេអ៊ូល)៖ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ​របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់​កំពង់ផែ Busan នៃ​ប្រទេសកូរ៉េខាងត្បួង ដែលវត្តមាននៃនាវាមុជទឹកនេះ គឺអាមេរិក ចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា។

នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ​របស់សហរដ្ឋអាមេរិក ឈ្មោះ USS Mississippi បានមកដល់ប្រទេសកូរ៉េ​ខាងត្បួងជាលើកដំបូង ជាមួយនឹងសហនាវិក ១៤១នាក់ ដោយគោលបំណងនៃការបង្ហាញ​ខ្លួន​នៅកូរ៉េខាងត្បួងនេះ គឺ​ដើម្បី​ចូលរួមនៅក្នុងសកម្មភាពមួយចំនួន ក្នុងគោលដៅសន្ដិសុខក្នុងតំបន់ នេះបើយោងតាម​សេចក្ដីថ្លែងការណ៍របស់ក្រុមយោធា Group Seven។

ការមកដល់របស់នាវា USS Mississippi​ ត្រូវបានធ្វើឡើងត្រឹមរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអាមេរិក បានចល័តយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំង F-22 មកកាន់កូរ៉េខាងត្បូង កាលពីខែមករា និងកុម្ភៈ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការ នាវាមុជទឹក USS Mississippi នឹងចូលរួមក្នុងសមយុទ្ធ ជាមួយយោធាកូរ៉េខាងត្បូង ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសនេះ។ នាវាមុជទឹកនេះ មានទម្ងន់ប្រហែល ៧០០០តោន និងផ្តល់ការគាំទ្រក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនៅលើផ្ទៃដី និងប្រឆាំងនាវាមុជទឹក៕