(តូក្យូ)៖ អភិបាលទីក្រុងតូក្យូលោក Yoichi Masuzoe បានដាក់លិខិតស្នើសុំលាលែងពីតំណែង នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីរងការរិះគន់ជាច្រើន ចំពោះការចំណាយខ្ជះខ្ជាយរបស់លោក ទៅលើរឿងផ្ទាល់ខ្លួន ហើយក៏មានទាំងការបោះឆ្នោតដកទំនុកចិត្តក្នុងសភាថ្នាក់តំបន់ថែមទៀត។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia។

អភិបាលក្រុងវ័យ ៦៧ឆ្នាំខាងលើនេះ ក៏បានណែនាំឲ្យមន្ត្រីក្រោមឱវាទមួយចំនួនទៀត ដាក់ពាក្យលាលែងដូចរូប លោកផងដែរ។ គួរបញ្ជាក់ថា ការផ្ទុះពាក្យរិះគន់លោក បានកក្រើកឡើងតាំងពីខែមេសា មកម្ល៉េះ ដោយក្នុងរួមមាន ការចោទលោកថា បានប្រើប្រាស់រថយន្តរដ្ឋ ជិះទៅលេងកម្សាន្តបែបផ្ទាល់ខ្លួន នៅថ្ងៃចុងសប្តាហ៍នាជាយទីក្រុងតូក្យូ។

បន្ថែមពីរឿងមិនសមគួរខាងលើនេះទៀត លោក Masuzoe ត្រូវបានគេចោទប្រកាន់ថា បានចំណាយប្រាក់យ៉ាង ក្រាស់ក្រែលទៅដំណើរទស្សនកិច្ចនៅបរទេស ក្នុងនោះមានការប្រើប្រាស់សេវាហោះលំដាប់ទី១ ព្រមទាំងការនាំក្រុម គ្រួសារខ្លួន​ឯង ឲ្យទទួលការគោរព និងស្វាគមន៍យ៉ាងអធិកអធម នៅទូទាំងប្រទេសជប៉ុនទៀតផង។ កន្លងមកលោក Yoichi Masuzoe ក៏បានច្រានចោលរាល់ការចោទប្រកាន់ ហើយថារឿងលោកបានធ្វើនេះមិនខុសច្បាប់ទេ ប៉ុន្តែលោកនៅតែ បានចេញមុខធ្វើការសូមទោសដើម្បីឲ្យព្យុះនៃការរិះគន់នោះ ស្ងប់ទៅវិញ៕