(ម៉ាកសី)៖ វគ្គជម្រុះសន្សំពិន្ទុប្រចាំពូលនីមួយៗ ជើងទី២ នឹងចាប់ផ្តើមបន្តទៀតនារាត្រីនេះ ដោយក្រុមជម្រើសជាតិរុស្ស៊ី ប៉ះស្លូវ៉ាគី, រ៉ូម៉ានី ជួបស្វីស និងម្ចាស់ផ្ទះបារាំង ប៉ះអាល់បានី ដែលជាគូគួរឲ្យចង់ទស្សនាជាងគេ ក្នុងព្រឹត្តិការណ៍បាល់ ទាត់ Euro 2016។

សារព័ត៌មាន Dailymail បានផ្សាយថា បារាំង នឹងលុបបំបាត់មតិរិះគន់របស់អ្នកគាំទ្រ ដែលតិទៀនចំពោះការទទួលបាន ៣ពិន្ទុនៅថ្ងៃបើកឆាកក្នុងពូល A ពេលឈ្នះក្រុមជម្រើសជាតិរ៉ូម៉ានី ២-១ នៅនាទីចុងម៉ោងក្នុងកីឡដ្ឋាន Stade de France នៅពីមុខអ្នកទស្សនាជាង ៧ម៉ឹននាក់ ហើយប៉ះក្រុមខ្សោយដែលទើបតែចាញ់ស្វីស ១-០ អាល់បានី ឈរនៅបាតតារាងបណ្តោះអាសន្ន។

ក្រុមដែលធ្លាប់ឈ្នះជើងឯកពាន Euro បាន២ដងនាពេលកន្លងមក លេងហាក់មិនសូវសង់តង់គ្នាសោះ ក្នុង១ប្រកួតដំបូង និងភ្លាត់ធ្វើឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យរ៉ូម៉ានី តាមបានស្មើ ១-១ វិញក្នុងក្នុងវគ្គទី២ តែអាចនឹង ទទួលបាន៣ពិន្ទុបន្ថែមទៀត ពេលប៉ះក្រុមដែលកីឡាករតំបន់ប្រយុទ្ធមិនសូវមុតស្រួចអាល់បានី ក្នុងកីឡដ្ឋាន Valdrome ស្ថិតក្នុងទីក្រុង Marseille។

៣ប្រកួតរាត្រីនេះ រុស៊ី ប៉ះស្លូវ៉ាគី ក្នុងពូល B ម៉ោង៨យប់, ស្វីស ប៉ះរ៉ូម៉ានី ម៉ោង១១យប់ និងបារាំង ប៉ះអាល់បានី ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល A៕