(ត្បូងឃ្មុំ)៖ ភេសជ្ជៈប្រភេទខារ៉ាបាវ កំប៉ុងចំនួន១២៩កេះ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម យកមកស្តុក ចែកចាយខុសច្បាប់រំលោភលើកម្មសិទ្ធិបញ្ញា ត្រូវបានកំលាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារង ប៉ុក ដារ៉ា ចុះបង្ក្រាបបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះនៅទីរួមក្រុងសួង ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចូលរួមដឹកនាំបង្ក្រាបលើករណីនេះ បានអោយដឹងថា ក្រុមហ៊ុន តាំង សេងហួត ជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ ក្នុងការនាំចូលភេសជ្ជៈប្រភេទខារ៉ាបាវ ពីប្រទេសថៃយកមកចែកចាយ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបែរជាមានឈ្មួញមួយចំនួនលួចនាំចូលភេសជ្ជៈ ប្រភេទខារ៉ាបាវ ដូចគ្នានេះ ពីប្រទេសជិតខាងផ្សេងទៀត យកមកចែកចាយរំលោភលើកម្មសិទ្ធិបញ្ញាទៅវិញ។

ក្នុងនោះក្រោយក្រុមហ៊ុនប្ដឹង និងទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកបានដឹកនាំកំលាំង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចុះឆែកឆេររកឃើញបទល្មើសជាក់ស្ដែងតែម្ដង ស្ថិតនៅផ្ទះគ្មានលេខក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមានម្ចាស់ឈ្មោះ វួច ឡេង។

បច្ចុប្បន្នភេសជ្ជៈខារ៉ាបាវខាងលើ ត្រូវបានកំលាំងសមត្ថកិច្ចដកហូតយកមករក្សាទុក ដើម្បីអនុវត្តតាមច្បាប់បន្ត៕