(ភ្នំពេញ)៖ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សមាគមសហគ្រិនស្រ្តីកម្ពុជានឹងបើកវគ្គ បណ្តុះបណ្តាលសមត្ថភាព សហគ្រិនស្រ្តី រយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ លោកស្រី កែវ មុំ បន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងពង្រឹងអាជីវកម្មពួគេឲ្យរឹងមាំជាងមុន ហើយក៏ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្រ្តីលើផ្នែក គ្រប់គ្រងអាជីវកម្ម និងធនធានមនុស្ស ជាពិសេសគឺការគ្រប់គ្រងហិរញ្ញាវត្ថុជាដើម។

លោកស្រី កែវ មុំ បានលើកឡើងបែបនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីដំណើរការកម្មវិធីបណ្តុះបណ្តាល សមត្ថភាពសហគ្រិនស្រ្តី រៀបចំធ្វើនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) រាជធានីភ្នំពេញ។

អ្នកស្រី អៀវ សុភា គណៈកម្មការពង្រឹងសមត្ថភាពស្រ្តី បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោយពីមានសិក្សាស្រាវជ្រាវ និងការស្រង់មតិពីសហគ្រិនស្រ្តី លើចំណុចខ្វះខាតនិងចំណុចល្អ។

វគ្គបណ្តុះបណ្តាល គ្រោងនឹងទទួលសិក្ខាកាម ដែលជាសហគ្រិនស្រ្តីចំនួន២១០នាក់ ដោយបែងចែកឲ្យមាន៤វគ្គ វគ្គទី១ គឺសិក្សាពីភាព ជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនងសាធារណៈ វគ្គទី២ គណនេយ្យ វគ្គទី៣ ជំនាញប្រតិបត្តិ និងរចនាសម័្ពន្ធ និងវគ្គទី៤ ជំនាញលក់ និងទីផ្សារ។

ក្រៅពីការសិក្សាលើទ្រឹស្តីជុំវិញជំនាញទាំង៤ខាងលើនេះ វគ្គបណ្តុះបណ្តាលបានផ្តល់ នូវការបង្ហាត់បង្រៀនប្រឹក្សាបន្ថែម រួមនឹងការអនុវត្ត ទ្រឹស្តីដើម្បីបង្កើន សមត្ថភាពសហគ្រិនស្រ្តីផងដែរ។

លោកស្រី កែវ មុំ ជឿជាក់ថាក្រោយវគ្គបណ្តុះបណ្តាលនេះ បញ្ចប់ទៅសហគ្រិនស្រ្តី នឹងយល់ខ្លួនឯងកាន់តែច្បាស់ជាងមុនទៅលើ សមត្ថភាព ហើយក៏អាចពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងជាងមុន ទាំងចំណេះដឹង ចំណេះធ្វើនិងសមត្ថភាបផ្ទាល់ខ្លួន៕