(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលបុប្ផាណា ដើម្បីបញ្ជាក់ពីការរៀបចំ កម្មវិធីសប្ដាហ៍ភាពយន្ដឥណ្ឌាជាលើកទី២ ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលទស្សនាខ្សែភាពយន្ដ ឥណ្ឌា រយៈពេល៤ថ្ងៃ ឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា នៅរោងមហោស្រពចតុមុខ រាជធានីភ្នំពេញ។

លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងមួយឆ្នាំៗប្រទេសឥណ្ឌា បានផលិតខ្សែភាពយន្ដជិត ១៦០០រឿង នេះជាហេតុដែលធ្វើឲ្យប្រទេសឥណ្ឌា ក្លាយជាផលិតករ ភាពយន្ដខ្នាតធំជាងគេ នៅលើពិភពលោក និងត្រូវបានទទួលស្គាល់ ខ្លាំងពីស្នាដៃបូលីវូដ។

លោកបន្ដទៀតថា ការចាក់ផ្សាយខ្សែភាពយន្ដឥណ្ឌា នៅកម្ពុជាអាចជួយឲ្យប្រជាជនកម្ពុជា ស្វែងយល់ពីប្រទេសឥណ្ឌា និងបានដឹង ពីការគិត ទស្សនៈរបស់យុវជនឥណ្ឌា ក្នុងសម័យបច្ចុប្បន្ន។ ជាពិសេសអាចឲ្យប្រជាជនកម្ពុជាបានដឹង និងសិក្សាបានច្រើនពីផ្នត់គំនិត របស់ឥណ្ឌា និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។

សូមបញ្ជាក់ទៀតថា កាលពី២ឆ្នាំមុន (ឆ្នាំ២០១៤) កម្មវិធីនេះធ្លាប់បានធ្វើម្ដងរួចមកហើយ នៅប្រទេសកម្ពុជា ដោយទទួលបានការគ្រាំទ្រ យ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕