(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM - Retreat - កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំនេះនឹងដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំ ពាក់ព័ន្ធ ឆ្នាំ២០២២។
តាមការប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ សម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា។
សេចក្តីប្រកាសបានបញ្ជាក់ថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តម នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា ស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអា ស៊ានបូក និងអគ្គលេខាធិការអាស៊ាន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរ ជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។
នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូន លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ផងដែរ៕